Tuesday, August 08, 2017

ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារថ្មី ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ជំនួសមន្រ្ដីចូលនិវត្តន៍

ព្រះវិហារ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណែង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលត្រូវប្រកាសឱ្យចូលកាន់តំណែងនៅពេលនេះគឺលោក ចេង លឹមហ៊ាន់ ជំនួសលោក ហន ឆន ប្រធានចាស់ត្រូវចូលនិវត្តន៍។ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរថ្មី បានឡើងប្តេជ្ញាថា លោកនឹងខិតខំធ្វើឱ្យមានសុខដុមភាពទាំងក្នុងជួរថ្នាក់ដឹកនាំ ទាំងក្នុងជួរមន្រ្តី អប់រំគ្រប់លំដាប់ថ្នាក់ និងក្នុងក្របខ័ណ្ឌ គ្រូបង្រៀនទាំងអស់ ដើម្បីធានាបាននូវនិរន្តរភាព នៃការងារប្រកបដោយគុណភាព ខិតខំអនុវត្តន៍កិច្ចការទាំងឡាយ ក្នុងវិស័យអប់រំឱ្យបានល្អ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ ដែលជាបន្ទាត់ជាត្រីវិស័យ ដើម្បីធានាបាននូវភាពជោគជ័យលើវិស័យអប់រំ បង្កើននូវការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធនានា ដើម្បីធានាដល់ការអភិវឌ្ឍន៍ លើវិស័យអប់រំ ខិតខំជម្រុញដល់គ្រប់រចនាសម្ព័ន្ធអប់រំឱ្យមានទំនាក់ទំនងល្អ ជាមួយសហគមន៍មូលដ្ឋាន ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការចូលរួមអភិវឌ្ឍន៍ លើវិស័យអប់រំប្រកបដោយចីរភាព។
លោក ហង់ ជួនណារ៉ុន បានថ្លែងអបអរសាទរដល់លោក ចេង លឹមហ៊ាន់ ដែលត្រូវបានរាជរដ្ឋភិបាល ផ្តល់ការទុកចិត្តឱ្យចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារនាពេលនេះ។
លោកបានជំរុញ ឱ្យអាជ្ញាធរខេត្ត ប្រធានមន្ទីរថ្មី ត្រូវជួយជម្រុញធ្វើយ៉ាងណា ឱ្យមានការចុះឈ្មោះសិស្ស ដែលគ្រប់អាយុចូលរៀន ឱ្យបានច្រើនបន្ថែមទៀត គ្រប់មធ្យមសិក្សាក្នុងគោលដៅ ពង្រឹងធនធានមនុស្ស ក្រសួងអប់រំបានដាក់ចេញនូវគោលនយោបាយ ដោយផ្តល់ជាអត្ថិភាពលើវិស័យអប់រំ និងគោលនយោបាយលើកទឹកចិត្តគ្រូបង្រៀន។

លោកថាលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់ប្រាក់បៀរវត្សកើនឡើង រហូតទៅដល់៩៥ម៉ឺន ហើយឆ្នាំ ក្រោយអាចលើសដល់១លានរៀន ដើម្បីឱ្យជីវភាពគ្រូបង្រៀនធូរធារមួយកម្រិតទៀត ដើម្បីគុណភាព អប់រំ ហើយអាជ្ញាធរដែនដី និងមន្ទីរអប់រំ ត្រូវបន្តត្រួតពិនិត្យគុណភាពអប់រំឱ្យមានប្រសិទ្ធភាព ដើម្បីធានាបានគុណភាពចំណេះដឹង ពិតប្រាកដរបស់សិស្ស ៕





No comments:

Post a Comment