Tuesday, August 08, 2017

លោក ហោ ណាំហុង ៖ វិនិយោគិនចិន ឈរនៅលើលំដាប់លេខ១ ក្នុងចំណោមវិនិយោគិនបរទេសនៅកម្ពុជា

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា តាំងពីឆ្នាំ២០១៦ កន្លងមក វិនិយោគិនចិន បានឈរនៅលំដាប់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគិនបរទេស ដែលបានមកបណ្តាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមពិធីបើក សន្និសីទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន ក្រោមប្រធានបទ «ពង្រឹងចំណងមិត្ត ភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន ដើម្បីការការពារសន្តិភាព និងសហប្រតិបត្តិការ» ដែលប្រារព្វឡើង នៅសណ្ឋាគារសុខាសៀមរាបរីសត និងមជ្ឈមណ្ឌលសន្និបាត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

លោក ហោ ណាំហុង បានលើកឡើងថា ក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការទ្វេភាគី បានក្លាយជា « ភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ » ចាប់តាំងពីឆ្នាំ២០១០មក។ ភាពជា « ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ » នេះ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង លើគ្រប់វិស័យ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា នៅឆ្នាំ២០១៦កន្លងមក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាង កម្ពុជា-ចិន មានចំនួន ៤,៧៦០លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ នឹងបន្តកើនឡើង បន្ថែមទៀតដល់៦ពាន់លានដុល្លារ នៅឆ្នាំ២០២០ ។

លោកបានបន្តថា ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំចំនួនជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០១៦ ដែលឈរនៅលំដាប់ទី១ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា។ គិតពីឆ្នាំ២០១០មក ក្រុមហ៊ុនចិនបានវិនិយោគនៅកម្ពុជា មានចំនួនជាង៥ពាន់លានដុល្លារ ជាពិសេសលើវិស័យនានា ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី និងសំណង់ ។ល។

គួរកត់សំគាល់ថា មកដល់ឆ្នាំ២០១៧នេះ នៅកម្ពុជាផ្លូវថ្មីៗ នឹងពង្រីកឱ្យធំដែលបានអនុវត្តន៍ហើយ និងកំពុង អនុវត្ត ដែលជាហិរញ្ញប្បទានរបស់ចិនមានចំនួនប្រហែល ២៧០KM។ ទន្ទឹមនេះការកសាងស្ពានថ្មីៗ ឆ្លងកាត់ ទន្លេមេគង្គ និង ទន្លេសាប ជាច្រើន។

ចំពោះវារីអគ្គិសនីវិញ ការវិនិយោគរបស់ចិនជាង ៣B$ បានកសាងរួចវារីអគ្គិសនីចំនួន6 ដែលផលិតអគ្គិសនី បាន ៩២៨ MW នាំឱ្យតម្លៃអគ្គិសនីចុះ និងមានសល់ខ្លះផងសព្វថ្ងៃនេះ។ ក្នុងពេលឆាប់ៗនេះ វារីអគ្គិសនីថ្មី មួយទៀត នៅទន្លេសេសាន២ និងចាប់ដំណើរការផ្តល់អគ្គិសនីចំនួន ៤០០MW ដែលអាចនាំទៅប្រទេស ជិតខាងបាន។

ចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០០ និងជួយបណ្តុះបណ្តាលអ្នក បច្ចេកទេសវ័យក្មេង កម្ពុជា ចំនួន១០០នាក់ សម្រាប់៥ឆ្នាំទៅមុខ ដោយចាប់ផ្តើមពីឆ្នាំ២០១៧។

ទន្ទឹមនេះក៏មានការផ្លាស់ប្តូរយុវជនជាញឹកញាប់ដែរ ដោយឡែក ទេសចរចិនមកកម្ពុជាប្រហែល ៨៣ម៉ឺននាក់ នៅឆ្នាំ២០១៦ ហើយភាគីទាំងពីរបានឯកភាពគ្នាថានៅឆ្នាំ២០២០ ទេសចរចិននឹងមកកម្ពុជា អាចនឹងកើនឡើងដល់២លាននាក់៕


No comments:

Post a Comment