Tuesday, August 08, 2017

លោក កែវ រតនៈ ត្រូវបានថ្នាក់ដឹកនាំបក្ស ប្រកាសតួនាទីបន្ថែម ដឹកនាំការងារចុះពង្រឹងស្រុកកណ្តៀង ក្រោយស្រុកក្រគរ ទទួលបានជោគជ័យខ្លាំង

ពោធិ៍សាត់៖  លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ បន្ទាប់ពីទទួលបានជោគជ័យឈ្នះដាច់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរួចមក ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចប្រគល់តួនាទីភារកិច្ចឱ្យបន្តការដឹកនាំចុះជួយស្រុកកណ្តៀងបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឱ្យទទួលបានជោគជ័យ ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ ២០១៨ នៅពេលខាងមុខ។
ពិធីប្រកាសកែសម្រួលសមាសភាពថ្មី ក្រុមការងារចុះជួយស្រុកកណ្តៀង ត្រូវបានធ្វើឡើង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការបក្សស្រុកកណ្តៀង ក្រោមវត្តមាន លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា យោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឱ្យលោក កែវ រតនៈ និងសមាសភាពថ្មីមួយចំនួន ទៅក្នុងជួរដឹកនាំគណបក្សស្រុក និងឃុំទាំង៩ ដើម្បីបំពេញបន្ថែមដល់ក្របខណ្ឌចាស់ ដែលបានកែសំរួលភារកិច្ចទៅកាន់តំបន់ផ្សេង ហើយម្យ៉ាងក៏ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់ ទៅនឹងទំហំការងារដែលបានបំពេញ នៅពេលបច្ចុប្បន្ន។
លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានវាយតំលៃអំពីចំណុចខ្លាំង ចំណុចខ្សោយនៃការអនុវត្តការងារគណបក្សនៅមូលដ្ឋានកន្លងមក ហើយបានដាក់ចេញទិសដៅភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្ត ក្នុងជំហានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបានផ្តាំផ្ញើដល់សមាជិកសមាជិកាក្នុងអង្គពិធីទាំងមូលត្រូវបន្តលើកកម្ពស់ ការរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ឯកភាពរឹងមាំជុំវិញគណបក្ស និងបន្តការផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំអនុវត្តឱ្យបានជោគជ័យ រាល់ភារកិច្ចដែលគណបក្សបានប្រគល់ឱ្យ ៕







No comments:

Post a Comment