Tuesday, August 08, 2017

ជប៉ុនសន្យាបន្តជួយកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានសន្យាបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីអោយកម្ពុជាក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ នេះជាការលើកឡើងរបស់លោក នាឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកទី២១ នៅប្រទេសជប៉ុន គិតចាប់តាំងពី ឆ្នាំ១៩៩០មក។
លោក Shinzo Abe បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ។ លោកបានចាត់ទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន។ នេះគឺជាលើកទី៨ហើយ ដែលលោក Shinzo Abe បានជួបប្រជុំកំពូលជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំ២០១៧នេះគឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរដែលកាលពីឆ្នាំ ១៩៥៧ គឺលោកអតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវជាជីតារបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe បានទៅទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង។ នៅឆ្នាំ២០១៧ នេះដែរ ក៏ជាខួប ២៥ឆ្នាំ នៃការចូលបញ្ជូនកងកម្លាំងជប៉ុនលើកដំបូង ទៅកាន់ប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UNTAC)។
បន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរគឺ៖ ១-ការផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹក ប្រាក់សរុបចំនួន 3,948 លានយ៉េន (ប្រមាណ35លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងការធ្វើឲ្យប្រសើរ ឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤, ២-ការផ្តល់ឥណទានសម្បទាន ចំនួន 23,502 លានយ៉េន (ប្រមាណ209លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែនស្វយ័តក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូល។
ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ លោកនាយករដ្ឋមន្រ្តី Shinzo Abe។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោកភរិយា មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។
ឆ្លៀតក្នុងឱកាសនៃពិធីលៀងសាយភោជន៍នេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានរៀបចំនំខួបកំណើតដ៏ភ្ញាក់ផ្អើលមួយ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយបរិយាកាសរីករាយ៕











No comments:

Post a Comment