Tuesday, August 08, 2017

គ្មាន​ទីណា​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​ប្រឆាំង​របប​សឹក

Wuthipong Kochathamakun ជាសកម្មជន​​លេចធ្លោរ​ថៃ​ដែល​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​យោធា ត្រូវបាន​ចាប់​ពង្រត់​នៅ​ក្នុង​រដ្ឋធានី​ឡាវ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​បន្ទាប់ពី​រយៈ​ពេល​​ ៣ ឆ្នាំ​នៃ​ការ​និរទេស​ខ្លួន​។ នេះ​បើ​យោងតាម​ក្រុម​សិទ្ធិមនុស្ស​ដែល​និយាយ​ទៅ​កាន់​សាក្សី​ក្នុង​ឧប្ប​ត្តិ​ហេតុ​នោះ។​

លោក Wuthipong ដែល​គេ​ស្គាល់​ថាជា Ko Tee បាន​ក្លាយជា​អ្នក​រិះ​គន់​ដ៏ខ្លាំង​បំផុត​ម្នាក់​​លើ​របបសឹក​ថៃ​ និង​តំណាង​ឲ្យ​ចលនា​ក្រុម​អាវ​ក្រហម​​ដែល​មាន​សម្ព័ន្ធ​ជា​មួយ​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។​

យោងតាម​របាយការណ៍ លោក Wuthipong ប្រពន្ធ​គាត់ និង​មិត្ត​ភក្តិ​​បាន​ប្រឈម​មុខ​​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​កក្កដា ជា​មួយ​ជន​ប្រដាប់​អាវុធ​ ១០ នាក់​ដែល​ពាក់​ស្រោម​មុខ​ខ្មៅ នៅពេល​ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​ Wuthipong នៅ​ក្នុង​វៀងច័ន្ទ​របស់​ឡាវ​។ ប្រពន្ធ​គាត់​ ដែល​បាន​និយាយ​ទៅ​កាន់​បណ្តាញ​សារព័ត៌មាន​របស់​ពីការ​វាយ​ប្រហារ​នោះ បាន​និយាយថា ជន​បិត​មុខ​ដែល​គេ​មិន​ស្គាល់​នោះ​បាន​និយាយ​គ្នា​ជា​ភាសា​ថៃ​។ ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាវីត វង្ស​សុវណ្ណ និង​មេទ័ព​ជើង​គោក​លោក Chalermchai Sitthisart មិន​បាន​ដឹង​នឹង​ការ​ចាប់​ពង្រត់​នោះទេ។​

ប៉ុន្តែ Thawip Netniyom ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​បាន​ប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​ថា លោក Wuthipong បាន​ក្លែង​ការ​បាត់​ខ្លួន​របស់គាត់​ដើម្បី​បង្កើត​​ “ការ​កងរំពង” ដែល​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល។ មន្ត្រី​ឡាវ​ក៏​មិន​បាន​ដឹង​អំពី​ឧប្បត្តិហេតុនោះដែរ។​

លោក Wuthipong បាន​រត់ភៀស​ខ្លួន​ពី​ថៃ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ២០១៤​ ហើយ​របបសឹក​បាន​កាន់​អំណាច​ជា​មួយ​នឹង​កណ្តាប់​ដៃដែក។​

សកម្មជន​ដ៏​លេច​ធ្លោរ​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​មន្ត្រី​ថៃ​ពី​ការ​បង្កើន​សតិអារម្មណ៍​ប្រឆាំង​របប​រាជានិយម ដែល​អាច​ដាក់​ទណ្ឌ​កម្ម​ដោយ​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​ស្ថិត​ក្រោម​ច្បាប់​បរិហារកេរ្តិ៍​ព្រះ​មហាក្សត្ររបស់​ប្រទេស​ថៃ រាប់​បញ្ចូល​ទាំង​លើ​ស្ថានីយ៍​វិទ្យា​ប្រឆាំង​របប​សឹក​ដែល​គេ​ចោទ​ថា​ គាត់​ផ្សាយ​ចេញពី​ប្រទេស​ឡាវ។ ដីការ​ចាប់​ខ្លួន​មួយ​ត្រូវ​បាន​ចេញ​ដល់​ការ​ចាប់ខ្លួន​លោក Wuthipong លើ​បទ​ចោទ​ចំនួន​ ១២ ពាក់​ព័ន្ធ​នឹង​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​នោះ។​

នៅ​ដើម​ឆ្នាំ​នេះ លោក Wuthipong បាន​និយាយថា គាត់​កំពុង​បណ្តុះ​បណ្តាល “អ្នក​ចម្បាំង​ស៊ីវិល” នៅ​ឡាវ ដែល​បង្ករ​ភាព​ភ័យ​ខ្លាច​ដល់​យោធា​​ថា អាច​មាន​ការ​បះបោរ​​ដែល​មាន​មូល​ដ្ឋាន​នៅ​ជន​បទ​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់ខ្លួន។ តំបន់​ភាគ​ឥសាន​របស់​ថៃ​ជាប់​ព្រំដែន​ឡាវ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​ទីតាំង​រឹងមាំ​របស់​ពួក​អាវក្រហម ដែល​បាន​បោះឆ្នោត​លើសលប់​ឲ្យ​ ថាក់ស៊ីន និង​យីងឡាក់។​

​លោក Wuthipong ក្រោយ​មក​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​​របស់​របប​សឹក​ដែល​ថា គាត់​កំពុង​លាក់​អាវុធ​ និង​មាន​ផែនការ​សម្លាប់​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ​ ចាន់​អូចា។ នៅ​ខែ​កុម្ភៈ​ ប៉ូលិស​ថៃ​បាន​និយាយថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ជា​ច្រើន​និង​គ្រាប់​ចំនួន ៥ ពាន់​គ្រប់ នៅពេល​គេ​សម្រុក​ចូល​ផ្ទះ​គាត់​នៅ​ខេត្ត​ Pathum Thani។​

Brad Adams របស់​អង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្ស​បា​ននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “ការ​ចាប់ពង្រត់​គួរ​ឲ្យ​រន្ធត់​ដោយ​ជន​ប្រដាប់​អាវុធ​លើលោក Wuthipong នៅ​ក្រុង​វៀងច័ន្ទ​នោះ​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ។ គេ​មិន​គួរ​ស្ងប់​ស្ងាត់​ ឬ​កប់​វា​ចោល​នោះទេ”។

ប៉ុន្តែ ការ​ស៊ើប​អង្កេត​ឲ្យ​បាន​សម​រម្យ​នោះ​គឺ​ស្តួច​ស្តើងណាស់។ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នោះ​បាន​កត់​សម្គាល់​ថា ក្នុង​ខណៈ​ឡាវ​បាន​ចុះ​ហេត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​ការ​ការ​ពារ​មនុស្ស​ទាំង​អស់​ពីការ​បាត់​ខ្លួន​ដោយ​បង្ខំ​នោះ ឡាវ​បាន​ខក​ខាន​ក្នុងការ​ផ្តល់​សច្ចាប័នលើ​​អនុសញ្ញា​នោះ។ រដ្ឋាភិបាល​ក៏​បាន​ខក​ខាន​ក្នុងការ​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​ការ​បាត់​ខ្លួន​សកម្មជន​នៅ​អតីតកាល​ផងដែរ។​

នៅ​ខែ​មិថុនា​ ឆ្នាំ ២០១៦ អ្នក​ប្រឆាំង​ថៃ​មួយ​ទៀតគឺ Itthipol Sukpaen ក៏​បាន​បាត់​ខ្លួន​នៅ​ក្រុង​វៀង​ច័ន្ធ​ផងដែរ។ គេ​ក៏​មិន​ដឹង​នូវ​ទី​កន្លែង​ស្នាក់​នៅ​របស់គេ​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​ឡាវ​បាន​ខក​ខាន​ធ្វើ​ការ​ស៊ើប​អង្កេត​​ហ្មត់​ចត់”។

ដោយ​សារតែ​ការ​រឹត​ត្បឹត​ខ្លាំង​នៅ​ឡាវ​និង​ថៃ​លើ​បណ្តាញ​សារព័ត៌មាន​នោះ អ្នក​វិភាគ​និង​អ្នក​សង្កេតការ​មាន​ការ​និយាយគ្នា​អំពី​ថា តើ​ចាប់​ពង្រត់​លោក Wuthipong និង​មូល​ហេតុ​អ្វី។ តាម​ពិត មនុស្ស​ជា​ច្រើន​បាន​សួរ​​ពីមូលហេតុ​អ្វី​បាន​ជា​លោក Wuthipong ត្រូវ​បាន​ចាប់​ពង្រត់​នៅ​សប្តាហ៍​មុន​បន្ទាប់​ពី​រយៈ​ពេល​ស្ទើ​តែ​ ៣ ឆ្នាំ​នៃ​ការ​នីរទេស​ខ្លួន​នៅ​ឡាវ?

លោក Pavin Chachavalpongpun សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kyoto University នៅ​ជប៉ុន​ បាន​ប្រាប់ Asia Times ថា វា​សំខាន់​ក្នុងការ​ចាំថា “ជនភៀសខ្លួន​នៅ​ឡាវ​កំពុង​ស្ថិត​ក្នុង​ជម្លោះ​និង​ការ​ប្រណាំង​ប្រជែង​គ្រប់ពេល”។​

គាត់​បាន​និយាយថា “ប្រសិន​បើ​ការបាត់ខ្លួន​នោះ​មិន​ត្រូវ​បាន​សម្លាប់​ដោយ​របបសឹក​ថៃទេ វា​អាច​ត្រូវ​បាន​រៀប​ចំ​ផែនការ​សម្ងាត់​ដោយ​ជន​ភៀសខ្លួន​នៃ​ពួក​ជ​ន​ពាល​​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា”។ ប៉ុន្តែ គាត់​បាន​បន្ថែម​ថា ប្រសិន​បើ​ការ​លេច​ឮនោះ​ពិត​មែនដែល​ថា អាជ្ញាធរ​ថៃ​ស្ថិត​នៅ​ពីក្រោយ​ការ​ចាប់​ពង្រត់​លោក Wuthipong នោះ អញ្ចឹង​របបសឹក​កំពុង​បញ្ជូន​សារ​ច្បាស់​ថា “ជីវិត​របស់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​មិន​មានសុវត្ថិភាព​នោះទេ”។​

លោក Pavin បាន​និយាយថា “នៅ​ពេល​របបសឹក​រឹត​បណ្តឹង​​ការ​ក្តាប់​អំណាច​របស់ខ្លួន ខ្លួន​បាន​បន្ត​ដាក់​សម្ពាធ​លើ​ឡាវ​និង​កម្ពុជា​លើ​ជន​ភៀស​ខ្លួ​ន​ទាំង​នេះ។ គោល​បំណង​នោះ​គឺ​ដើម្បី​កំទេច​ពួក​រិះ​គន់​លើ​របប​សឹក​និង​របបរាជា​និយម។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែន​ការ​ធំ​ដើម្បី​កំទេច​សត្រូវ​របស់​រដ្ឋ​ដើម្បីត្រៀម​ដល់​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ”។​

របបសឹក​បាន​សន្យា​របៀប​ចំ​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ បន្ទាប់​ពី​បុណសព​ស្តេច ភូមិបុល​ អាឌុល​យ៉ាដេត និង​ការ​អភិសេក​គ្រងរាជ្យ​របស់​ស្តេច​ថ្មី Vajiralongkorn។ វា​មិន​ច្បាស់ថា ការ​បោះ​ឆ្នោត​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នក​នយោ​បាយ​ជា​ច្រើន​ដែល​មាន​សម្ព័ន្ធ​នឹង​បក្ស​ Pheu Thai របស់​ ថាក់​ស៊ីន​ និង​យីងឡាក់​ អាច​ឈរ​ឈ្មោះ​ឬអត់​នោះទេ។

សកម្មជន​អាវ​ក្រហម​ខ្លះ​បាន​ព្រមាន​ថា នឹង​មាន​អំពើ​ហិង្សា​នៅពេល​សាល​ក្រម​នៃការ​កាត់​ក្តី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ យីងឡាក់ ពី​បទ​ទ្វេស​ប្រហែស​ក្នុង​ផែនការ​ឧបត្ថម​ធន​ស្រូវ​ក្នុង​ខណៈ​កាន់​អំណាច​​នោះ ត្រូវ​បាន​ចេញ​នៅ​ថ្ងៃទី ២៥ ខែ​សីហា។ យីងឡាក់ កំពុង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ចំនួន ១០ ឆ្នាំ​​និង​ពិន័យ​ប្រាក់​ចំនួន ១ ពាន់លាន​បាត ប្រសិន​បើ​រកឃើញ​ថា មាន​កំហុស។​

មន្ត្រីថៃ​ត្រូវ​គេ​ដឹង​ថា បាន​ដាក់សម្ពាធ​សមភាគី​ឡាវ​របស់គេ​ដើម្បី​ធ្វើ​បត្យាប័ន​លោក Wuthipong ចាប់​ពី​ខែ​តុលា ឆ្នាំ​មុន។ នៅ​ដើមខែ​មុន សារព័ត៌មាន​ The Nations បាន​ដក​ស្រង់​សម្តី​ប្រធាន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ដោយ​និយាយថា មិន​មាន​ការ​រីក​ចម្រើន​ក្នុងការ​ទទួល​បាន​ការ​សហការ​ពី​រដ្ឋាភិបាល​ឡាវ​នោះទេ។

កាសែត Bangkok Post បាន​រាយការណ៍​ថា ភ្នាក់ងារ​សម្ងាត់​ថៃ​បាន​សង្ស័យ​ថា Wuthipong បាន​ត្រៀម​ខ្លួន​ប្តូរ​ទៅ​កម្ពុជា​ ដោយ​សារតែ​ “អាជ្ញាធរថៃ​បាន​ស្វែង​រក​ការ​សហការ​ពី​វៀងច័ន្ទ​ដើម្បី​ស្វែង​រក​គាត់​និង​បង្ក្រាប​លើ​សកម្មភាព​របស់​ក្រុម​គាត់”។​

នោះបាន​នាំ​ឲ្យ​មាន​ការ​លេច​ឮ​ក្នុង​ចំណោម​អ្នកវិភាគ​ថា លោក Wuthipong អាច​ត្រូវ​គេ​ចាប់​ពង្រត់​ដោយ​មន្ត្រី​ថៃ​។​

អ្នក​សិក្សា​ស្រាវជ្រាវលោក James Buchanan នៅ​ហុងកុងបាន​និយាយថា “គាត់​អាច​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​ភ្នាក់​ងារ​សម្ងាត់​ថៃ​ដោយ​មិន​ដឹង​ ឬ​យល់​ព្រម​ពី​រដ្ឋាភិបាល​ឡាវ។ ភាសា​ស្រដៀង​គ្នា​នោះ​ប្រាកដ​ជា​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នោះ​ងាយ​ស្រួល​ជាង​កន្លែង​ផ្សេងទៀត”។​

ម្យ៉ាង​វិញទៀត វា​អាច​ថា អ្វីដែល​បាន​កើ​តឡើង​គឺដោយ​សារតែ​មាន​កិច្ច​ព្រមព្រៀង​រវាង​របប​សឹក​ថៃ​​និង​ផ្នែក​ណា​មួយ​របស់ឡាវ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​កិច្ច​ព្រមព្រៀង​បែប​នោះ​បាន​ធ្វើ​ឡើង​មែន​នោះ អញ្ចឹង​ លទ្ធផល​នៃ​ការ​ចាប់​ពង្រត់​ដែល​យើង​បាន​ឃើញ​ជា​មួយ​លោក Wuthipong នោះ​​គឺ​ផ្ទុយ​ទៅ​ការ​ធ្វើ​បត្យាប័ន​ផ្លូវច្បាប់​ជា​ផ្លូវការ”៕

ប្រភព៖ Asia Times ចុះថ្ងៃ០៦ ខែសីហា​ ​ឆ្នាំ២០១៧


No comments:

Post a Comment