Tuesday, August 08, 2017

ក្រុម​ហ៊ុនធំ​ៗ៤របស់ជប៉ុន បាន​ជួប​ពិភាក្សាជាមួយ​លោក ហ៊ុន សែន​ ដើម្បី​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា!

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៃការទៅបំពេញទស្សនកិច្ចផ្លូវការការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៤ របស់ប្រទេសជប៉ុនចូលជួប​សំដែងការ​គួរសមដាច់ដោយឡែកៗពីគ្នា ក្នុងនោះ រួមមានទី១‑  ក្រុមហ៊ុន​ដេនសូ ខេមបូឌា ទី២‑​ក្រុមហ៊ុន​តូយ៉ូតាថ្សឺស្សូ ទី៣‑ធនាគារមីហ្សឺណូ និង​ទី៤‑​ក្រុម​ហ៊ុន មីនៃប៊ែ មីតស៊ូមី។ នៅក្នុងជំនូប​សំរាប់​ក្រុមហ៊ុនទី១ដែលមានឈ្មោះថា ក្រុមហ៊ុន​ដេនសូ ខេមបូឌា តំណាងក្រុមហ៊ុន​បាន​មាន​ប្រសាសន៏​ជំរាបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពី​សកម្មភាពការងារ​របស់​ក្រុមហ៊ុនលោកនៅកម្ពុជា។

តំណាងក្រុមហ៊ុន ដេនសូ ខេមបូឌា បានមានប្រសាសន៏បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន ដេនសូ មាន​ទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ហើយក្រុមហ៊ុននេះភាគច្រើន​ពាក់ព័ន្ធនឹង​គ្រឿងបង្គំរថយន្តធន់ធ្ងន់ ដែលបច្ចុប្បន្នមានបុគ្គលិកខ្មែរចំនួនជាង២០០នាក់ ហើយ​នៅឆ្នាំ​២០១៨ខាងមុខក្រុមហ៊ុន នឹងបង្កើនផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេស​ជួយ​ពង្រឹង​ផលិតសមត្ថិភាពបុគ្គលិកខ្មែរយើងដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ជាមួយគ្នា​នេះ​តំណាង​​​​​ក្រុម​ហ៊ុនដេនសូក៏បានជំរាបលោកនាយករដ្ឋមន្រ្តីថា នៅឆ្នាំ២០១៨​ក្រុមហ៊ុនរបស់​លោក​​នឹងបង្កើត​ទីតាំងថ្មី១ទៀត។ ក្នុងឱកាសនេះខាងក្រុមហ៊ុនក៏បានស្នើសុំលោកនាយករដ្ឋមន្រ្តីចំនួន៣ចំនុច ទី១ ការបណ្តុះ​បណ្តាលជំនាញបច្ចេកវិទ្យានេះគឺខាងក្រុមហ៊ុន​របស់លោកនឹងជួយប៉ុន្តែ​ស្នើ​សុំ​ការជួយពីស្ថាប័នរដ្ឋ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ប្រព័ន្ធ​ដឹក​ជញ្ជូន​ស្នើ​សុំ​អោយ​រៀបចំអោយបានល្អ និងទី៣ ប្រព័ន្ធពន្ធគយ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏​ថ្លែងអំណរគុណ​ដល់​ខាង​ក្រុមហ៊ុនជប៉ុនដែលបានរាយការជូនលោកនាយករដ្ឋមន្រ្តី និងបានខិតខំជួយបណ្តុះបណ្តាល​​ធនធានមនុស្សកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏ថា ការជួយរបស់​ក្រុមហ៊ុននេះ​គឺ​ស្រប​ទៅតាមការងាររបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ​ធនធាន​មនុស្ស។

លោកនាយករដ្ឋមន្រ្តីបានបន្តទៀតថា យើងអាចធ្វើការ​រួមគ្នា​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ជាពិសេសអនុញ្ញាតអោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញវិញ្ញាបន​ប័ត្រ​អោយ​សិស្សដែលបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

ចុងក្រោយនៃជំនូបនេះ ខាងតំណាងក្រុមហ៊ុនដេសូខេមបូឌា បាន​គោរពសុំអញ្ជើញ​លោក​នាយករដ្ឋមន្រ្តីទៅសម្ពោធសាខាក្រុមហ៊ុនថ្មីមួយទៀត ​ដែលគ្រោងនឹងសម្ពោធ​នៅឆ្នាំ​២០១៨​ខាងមុខនេះក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអនុញ្ញាតអោយក្រុមហ៊ុនទី២ដែលមាឈ្មោះថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។​នៅក្នុងជំនួប​នេះ​ខាងក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បានគោរពជំរាបលោកនាយករដ្ឋមន្រ្តី​អំពីសកកម្មភាព​ការងារ​​របស់ខ្លួននាពេលបច្ចុច្បន្នផងដែរ។ ខាងក្រុមហ៊ុនបានមានប្រសាសន៏ថា ក្រុមហ៊ុន​តូយ៉ូតា​ថ្សឺស្សូ ជំហានទី១ បានយកជនជាតិ​ខ្មែរចំនួន​ប្រមាណជាង៣​រយនាក់​សំរាប់​បំពេញ​ការងារ បន្ទាប់​មកបានយកជនជាតិខ្មែរបំរើការងាររហូតដល់ជាង១ពាន់នាក់ ហើយ​ជំហាន​ទី២​នឹងបង្កើនរហូតដល់ជាង២ពាន់នាក់។

តំណាងក្រុមហ៊ុន​តូយ៉ូតាថ្សឺស្សូ​បានមាន​ប្រសាសន៏​ថា ដោយសារក្រុមហ៊ុនរបស់លោក​មាន​រោងចក្ររថយន្ត​នៅប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃផងនោះ គឺមាន​ការ​ដឹកឆ្លង​កាត់​តំបន់ព្រំដែន ដូច្នេះក៏បានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបន្តពង្រឹងការងារ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៏គាំទ្រ ប៉ុន្តែសុំអោយ​មាន​ការសហការជាមួយប្រទេសជិតខាង ក្នុងន័យនេះនាពេលប្រជុំរួម​ដែលមានភាគី​ពាក់ព័ន្ធ​ចូល​រួម​ដូច្នេះនឹងលើកយកបញ្ហានេះមកជជែកពិភាក្សា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏ថា បច្ចុប្បន្ននេះយើង​មានច្រក​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ហើយថ្មីៗខាងមុខនេះយើងនឹងបើកច្រកអូរនាង ដើម្បីសំរួមពាណិជ្ជកម្ម កម្ពុជា‑ថៃ។ នៅក្នុងជំនូបនេះ ខាង​ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បាន​មានប្រសាសន៏ជំរាប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ក៏បានចូលរួមការងារសង្គម ដូចជា​ការផ្តល់​អាហារូបករណ៏ ការបណ្តុះបណ្តាលវិស័យកីឡា ការប្រគំតន្រ្តីជា​ដើម ដើម្បីគាំទ្រ​មិត្តភាព​កម្ពុជាជប៉ុន។

ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែង​អំណរគុណ​ចំពោះក្រុមហ៊ុន​តូយ៉ូ​តា​​ថ្សឺស្សូដែលបានរាយការជូនលោកនាយករដ្ឋមន្រ្តី។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ស្នើអោយក្រុមហ៊ុន​តូយ៉ូតាថ្សឺស្សូ​ចូលរួម​បន្ត​អភិវឌ្ឍន៏​ធនធានមនុស្សនៅកម្ពុជា ធ្វើ​យ៉ាង​ណាជួយអ្នកដែលបានទទួលការបណ្តុះបណ្តា​លរួច​ហើយ​​នេះអោយទទួលបាន​ការងារ​ធ្វើ។

នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៧នេះ​ដែរ  លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនក៏បាន​អនុញ្ញាតអោយ​ធនាគារមីហ្សឺណូ​ចូល​ជួប​ពិភាក្សាការងារ។ ​នៅក្នុងជំនូបនេះ ភាគីខាងជប៉ុន​បាន​ថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​បាន​​​ចំណាយ​ពេលវេលា​ដ៏មានតម្លៃ​ទទួលជួបខាង​ធនាគារ​របស់​លោក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​កម្ពុជា​ដែលចាប់តាំងពីឆ្នាំ២០០៣មក បានផ្តល់ឱកាសអោយខាងធនាគារមីហ្សឺណូបើកការិយាល័យ​ធនាគារនៅកម្ពុជា ធនាគារក៏បានបញ្ជាក់ថា កម្ពុជា ​គឺជា​ប្រទេសដែល​មានសក្កានុពល​វិនិយោគ។ ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានមាន​ប្រសាសន៏ថ្លែង​អំណរ​គុណដល់ធនាគារមីហ្សឺណូដែលបាន បង្កើត​សាខានៅប្រទេសកម្ពុជា ដែលការបើកសាខានេះ​គឺ​បង្ហាញ​ពីជំនឿនយោបាយ និងសេដ្ឋកិច្ចចំពោះ​ប្រទេស​កម្ពុជា។​ការដែលមានធនាគារជប៉ុន​នៅកម្ពុជាបែបនេះ ក៏ជាចំណុចមួយជួយសំរួលដល់អ្នកវិនិយោគនានានៅកម្ពុជារបស់ភាគី​ជប៉ុន​ផងដែរ ព្រមទាំងបង្ករភាពងាយ​ស្រួលចំពោះភ្ញៀវ​ទេសចរណ៏​ជប៉ុនដែលធ្វើដំណើរ​កំសាន្ត​នៅកម្ពុជាផងដែរក្នុងការប្រើប្រាស់លុយជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​ស្នើដល់​ធនាគារ​មីហ្សឺណូ​របស់ជប៉ុនចូលរួមចំណែក ​បណ្តុះបណ្តាល​ធនធាន​មនុស្សនៅកម្ពុជា និងប្រើប្រាស់ពលរដ្ឋ​ដែលទទួលបាន​ការ​សិក្សា​បណ្តុះ​បណ្តាលចូលធ្វើការងារនៅធនាគារនេះផង។

បន្ទាប់មកទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអនុញ្ញាត​អោយក្រុមហ៊ុនទី៤គឺក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។ នៅក្នុងជំនួប​នេះខាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានគោរព​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែនថា ក្រុមហ៊ុនរបស់លោកមានភាព​សប្បាយ​រីករាយដែល​បានសម្តេច​អនុញ្ញាតជួបពិភាក្សាការងារ ហើយ​បានគោរពរាយការណ៏ជូនលោកថា កន្លងមក​ក្រុមហ៊ុន​របស់​លោកបានបង្កើតរោងចក្រចំនួន៣នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាន​ឆ្លើយតបថា មិន​ថាក្រុមហ៊ុនតូចរឺធំទេគឺកម្ពុជាទាក់ទាញយកទៅវិនិយោគទាំងអស់ ជាក់ស្តែង​ដូច​ជាប្រវត្តិលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ផ្ទាល់គឺចាប់ផ្តើមតាំងពីជីវិត​ក្មេងវត្តខិតខំប្រឹង​រហូត​​ដល់បច្ចុប្បន្ន។ តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានមានប្រសាសន៏គាំ​ទ្រ​ប្រសា​សន៏​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងណាមិញ​ ដូចជាក្រុមហ៊ុនរបស់​លោកក៏ចាប់ផ្តើមពី​តូច​មកធំ។ តំណាងក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីបានជំរាប​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីមានរោង​ចក្រ៣​នៅ​កម្ពុជា និងបានចូលរួមបណ្តុះបណ្តាល​បុគ្គលិក​កម្ពុជា​ផងដែរ ជាមួយគ្នានេះក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីក៏បានថ្លែង​អំណរ​គុណលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនពាក់ព័ន្ធ​វិស័យ​អគ្គិសនី ដែលបានចុះកិច្ចព្រមព្រៀងជាមួយEDC ក្នុងការ​ផ្តល់​អគ្គីសនី​គ្រប់គ្រាន់និងតម្លៃថោក។

ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បាន​ស្នើ​អោយក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី​ជួយបន្តបណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​កម្ពុជា​ផង​ដែរ ។

សូមជំរាបថា កម្ពុជា ‑ ជប៉ុន បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការ​ជំរុញ ​និងការការពារវិនិយោគនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនិងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០៧ និងបានចូលជាធរមាន​កាល​ពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០០៨។

ចាប់តាំងពីមានកិច្ច​ព្រមព្រៀងជាមួយគ្នារួចមក មានក្រុមហ៊ុនជប៉ុន​ចំនួន​១២៨​ក្រុមហ៊ុន បាន​មកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដែល​មានទុនសរុបចំនួនជា ២៧២៨លានដុល្លារ ជាប់​​ចំណាត់ថ្នាក់ទី៩៕





No comments:

Post a Comment