Tuesday, August 08, 2017

រដ្ឋមន្រ្តីក្រសួងការងារលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការអភិវឌ្ឍវិស័យឧហ្សាហកម្មកាត់ដេរឱ្យកាន់តែមានសន្ទុះឡើង

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ បានទទួល ជួបលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ ក្នុងជំនួបទ្វេភាគីនោះ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិប ត្តិការរវាងកម្ពុជា និងអាឡឺម៉ង់ នាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងទំហំពាណិ ជ្ជកម្មដែលកម្ពុជានាំចូលក្នុងទីផ្សារអាឡឺម៉ង់មានប្រមាណជា ១០០០លានដុល្លារ ហើយការបញ្ជាទិញទំនិញកម្ពុជា ពីសំណាក់អាឡឺម៉ង់ គឺបានផ្តល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ិត សំហេង ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅពង្រឹងនូវសុខ ដុម នីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ សុខភាព សុវត្ថិភាព ការតំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ហើយចាប់ពីខែសីហានេះ គណៈកម្មការប្រឹក្សាការងារ នឹងធ្វើការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០១៨។ លើសពីនេះទៀតក្រសួង បាននិងកំពុងអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥ -២០២៥, គោលនយោបាយជាតិអភិវឌ្ឍ វិស័យឧស្សាហកម្ម ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ ២០១៧-២០២៥។ លោកបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល ទើបតែអនុម័តអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីសាធារណៈ និងអតីតយុទ្ធជន ដែលគោលនយោបាយទាំងនេះសុទ្ធសឹងតែជាការលើកកម្ពស់ និងអភិវឌ្ឍលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។

លោក អ៊ិត សំហេង បានបញ្ជាក់បន្តថា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត រាជរដ្ឋាភិបាលនៅតែបន្តនិរន្តរភាពលើវិស័យឧហ្សាហកម្មកាត់ដេរ ឱ្យកាន់តែមានសន្ទុះឡើងតាមរយៈការបង្កើនផលិតភាព និងគុណភាពរបស់ផលិតផល ស្របតាមស្តង់ដារអន្តរជាតិ រក្សាទីផ្សារនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយពាណិជ្ជកម្ម ផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ សំដៅរក្សាគន្លឹះជោគជ័យក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ របស់ប្រទេសអាឡឺម៉ង់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួម និងអភិវឌ្ឍលក្ខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើង នៅតាមរោងចក្រកាត់ដេរ និងបានផ្តល់សិទ្ធិព្រមទាំងផលប្រយោជន៍ជាច្រើនទៀត ចំពោះវិស័យឧហ្សាហកម្មកាត់ដេរនៅកម្ពុជា។

លោកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា ក៏បានសម្តែងនូវការកោតសសើរ និងមានសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិតទាំងក្នុងជីវភាពរស់នៅ និងសិទ្ធសេរីភាព។ លោក បានមើលឃើញពីការវិវឌ្ឍនៅកម្ពុជា គួរឱ្យកត់សម្គាល់ ពិសេសវិស័យឧហ្សាហកម្មកាត់ដេរ។ ក្នុងមួយឆ្នាំៗសហគមន៍អ៊ឺរ៉ុប គឺជាដៃគូដ៏រឹងមាំ ជាមួយកម្ពុជា ក្នុងការទទួលទិញផលិតផលពីកម្ពុជា នេះដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងទីផ្សារអ៊ឺរ៉ុប ក្នុងនោះមានប្រទេសអាឡឺម៉ងផងដែរ។ តាមរយៈគម្រោងរបស់អង្គការ GIZ នឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០១៨ខាងមុខនេះ ប៉ុន្តែអាចនឹងមានកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីមើលនូវចន្លោះប្រហោងដែលមិនទាន់បានអភិវឌ្ឍឱ្យគ្រប់ជ្រុងជ្រោយ។

ក្នុងជំនួបនោះដែរ លោកអគ្គរដ្ឋទូតអាឡឺម៉ង់ ក៏បានគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសចុះជួបកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ នេះជាជំហានអភិវឌ្ឍមួយថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ដល់កម្មករនិយោជិត។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានយកចិត្តទុកដាក់ពីស្ថានភាពនៅកម្ពុជា ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបានស្នើសុំឱ្យភាគីអាឡឺម៉ង់ បន្តកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាមួយកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕






No comments:

Post a Comment