Friday, June 23, 2017

កម្ពុជា​ ស្វាគមន៍​ការវិនិយោគ​របស់ក្រុមហ៊ុន​ចិន Hao Nian Dong ដើម្បី​សម្រេចគោល​នយោបាយនាំ​ចេញអង្ករ​ឱ្យបាន ១​លានតោន​ក្នុងមួយ​ឆ្នាំដែល​នឹងចូល​រួមកាត់បន្ថយ​ភាព​ក្រីក្រ

លោក ​វេង សាខុន​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ​កម្ពុជា ​ស្វាគមន៍​ការវិនិ​យោគរបស់ក្រុមហ៊ុនចិន Hao Nian Dong ដើម្បី​សម្រេចគោលនយោ​បាយ​នាំចេញអង្ករ​ឱ្យបាន ១​លាន​តោនក្នុងមួយឆ្នាំដែលនឹងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោក បានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម ក្នុងឱកាសទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.​,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ជាពិ​សេសលើការប្រមូលផលស្រូវ ​ផលិតកម្មស្រូវ ស្រូវបម្រុង និងការបញ្ចេញស្រូវ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលកន្លងមកបានអញ្ជើញគណៈប្រតិ​ភូកម្ពុជា ទៅពិនិត្យមើលស្ថានភាពនៃការទុកដាក់ស្រូវ ការវេចខ្ចប់ និងចែកចាយផលិតផលកសិកម្មផ្សេងៗនៅក្នុងប្រទេសចិន និងសម្រាប់ការនាំចេញ ដែលនេះជាការស្តែងចេញនូវ​ការសហការល្អរវាងកម្ពុជា និងចិន ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៍នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក Xu Yihui ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតិឱ្យលោក និងសហការីបានចូលជួបពិភាក្សាការងារ។ លោក បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងសហការីលើកនេះ គឺដើម្បីពិនិត្យមើលទំហំនៃការដាំដុះ និងផលិតកម្មស្រូវនៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្តុកស្រូវ ដែលអាចរក្សាគុណភាពបានរហូតដល់ ៣ឆ្នាំ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកអាចនឹងចាប់ដៃគូសហការជាមួយកម្ពុជាក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះថាបច្ចុប្បន្នតម្រូវការអង្ករនៅទីក្រុង Xiamen មានការកើនឡើងដល់ ៤៣០ ០០០តោនក្នុងមួយឆ្នាំ។ ទន្ទឹងនឹងនេះក្រុមហ៊ុនរបស់លោកក៏មានបំណងនាំយកនូវប្រភេទពូជស្រូវ ពីទីក្រុងរបស់លោក មកដាំដុះនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងលោក។

ជាការឆ្លើយតប លោក វេង សាខុន ក៏បានសម្តែងចំណាប់អារម្មណ៍ចំពោះគម្រោងចាប់ដៃគូសហការរបស់ក្រុមហ៊ុន Hao Nian Dong នៅកម្ពុជា ព្រោះថាគម្រោងនេះនឹងចូលរួមគាំទ្រដល់គោលនយោបាយនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ហើយបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ កំពុងចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្មពិនិត្យមើលនូវការប្រើប្រាស់ប្រភេទពូជថ្មីអោយស្របទៅនឹងតម្រូវការទីផ្សារ និងពង្រីកលទ្ធភាពឃ្លាំងស្តុកស្រូវអោយបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការនាំចេញនាពេលខាងមុខ៕




No comments:

Post a Comment