Friday, June 23, 2017

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ បន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ចប់ ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃទៀត។

សូមរំលឹកថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានផ្តើមទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ពីថ្ងៃទី២១មិថុនាមក។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាឡាវ និងចូលជួបសវនការសម្តែងការគួរសម ជាមួយប្រធានរដ្ឋ និងនាយករដ្ឋរដ្ឋមន្រ្តី នៃប្រទេសឡាវ ហើយបានឆ្លៀតពេលវេលាជួបសំណេះសំណាល ស្វែលយល់សុខទុក្ខរបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ផងដែរ។

ដោយឡែកចំពោះដំណើរទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម ដែលផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦មិថុនានេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោក ហេង សំរិន នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាវៀតណាម និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ នៃប្រទេសវៀតណាមជាច្រើនទៀត។

នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលរួមកម្មវិធីខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នឹងចូលរួមកម្មវិធីមហាសន្និបាតរណសិរ្សមាតុភូមិ៣ប្រទេស វៀតណាម ឡាវ កម្ពុជា ផងដែរ៕





No comments:

Post a Comment