Friday, June 23, 2017

ខេត្តស្វាយរៀង រៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក

ខេត្តស្វាយរៀង៖ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅបរិវេណសាលប្រជុំឆ្នេរទន្លេ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានា ប្រធានសភាពាណិជ្ជកម្មខេត្ត និងសមាគម ក្រុមហ៊ុន សហគ្រាសមួយចំនួន ដែលមានទីតាំងនៅក្នុងខេត្ត ។

ការរៀបចំព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយការប្រើប្រាស់ផលិតផល ដែលនាំចូលពីបរទេស ក្រោមកិច្ចសហការ និងសម្របសម្រួលរៀបចំពីអាជ្ញាធរខេត្ត អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា និងក្រុមហ៊ុនទូរស័ព្ទចល័តស្មាតម៉ូប៊ីល នឹងត្រូវរៀបចំក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ។

ពិព័រណ៍នេះ បានទាក់ទាញការចូលរួមពីសហគ្រាសធុនតូច-ធុនមធ្យម មកពីគ្រប់រាជធានី-ខេត្ត ចំនួន ៩២ស្តង់ ដែលមានដាក់តាំងលក់ទំនិញប្រភេទម្ហូបអាហារ ភេសជ្ជៈ បន្លែ ផ្លែឈើ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួន ៕







No comments:

Post a Comment