Friday, June 23, 2017

គ្រាប់បែកដែលសម្ព័ន្ធមិត្តអាមេរិកទម្លាក់ ភាគច្រើនចំលើជនស៊ីវិលស៊ីរីស្លូតត្រង់ មិនមែនពួកភេរវករនោះទេ

ចំនួនប្រជាជនស៊ីវិល ដែលបានទទួលរងគ្រោះ​ដោយសារតែប្រតិបត្តិការគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដើម្បីវាយរំដោះ​យក​ទីក្រុង Raqqa ចេញពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធនោះ បាន​និងកំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ខណៈអ្នកដែល​ជនស្លូតត្រង់ និងមានភ័ព្វសំណាងល្អ អាចរួចរស់ជីវិត​​ហើយ​ភៀស​ខ្លួនចេញពីទីក្រុងដែល​ស្ថិតក្រោមការ​កាន់កាប់របស់​ក្រុម ISIS នេះ បានចោទប្រកាន់​ក្រុមចម្រុះ​អន្តរជាតិដឹកនាំដោយ​ទីក្រុងវ៉ាស៊ីន​តោន​នេះអំពីការទម្លាក់គ្រាប់បែក ដោយមិនខ្វាយខ្វល់ពីជីវិតជនស្លូតត្រង់នោះឡើយ។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

ប្រតិបត្តិការ​តាមផ្លូវអាកាស​ប្រឆាំង​នឹងក្រុម ISIS នៅក្នុងក៏ដូចជា​ជុំវិញទីក្រុង Raqqa នៃប្រទេស​ស៊ីរី បាននិងកំពុង​ប្រព្រឹត្តទៅ​ចាប់តាំងពី​​ខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះ ហើយកងកម្លាំងចម្រុះអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ទម្លាក់​​គ្រាប់បែកដល់ទៅ​១៤លើក ប្រឆាំងនឹង​អង្គភាពយុទ្ធសាស្រ្ត​របស់ក្រុម ISIS នៅក្នុងតំបន់។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ ខណៈដែលក្រុម​​ចម្រុះដែលមានទីក្រុងវ៉ាស៊ីនតោនជាអ្នកដឹកនាំនេះ នៅតែទទូចថា ខ្លួនពុំមានគោលដៅអ្វីផ្សេងក្រៅ​ពីទីតាំងរបស់ក្រុមភេរវករនោះឡើយ ​ប្រជាជនស៊ីរីស្លូតត្រង់ជារឿយៗគឺជាអ្នកដែលបាត់បង់ជីវិត ឬមួយក៏ទទួលរងរបួស​ដោយ​សារ​តែ​សកម្ម​ភាព​យោធានេះ។ ប្រជាជននៃទីក្រុង Raqqa ដែលបានរត់ភៀសខ្លួនចេញពីទីនោះ បានប្រាប់សារព័ត៌មាន RT ឱ្យដឹងថា កងយន្តហោះ​ចម្បាំងរបស់ក្រុមចម្រុះអន្តរជាតិ បានធ្វើការទម្លាក់គ្រាប់បែកដោយគ្មានទិសតំបន់អ្វីនោះឡើយ គឺពួកគេបានបើកការវាយប្រហារមិន​ត្រឹម​ទៅ​​លើក្រុម ISIS ប៉ុណ្ណោះទេ តែថែមចំមនុស្សស្លូតត្រង់គ្រប់គ្នា។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍​របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពី​សប្តាហ៍មុន ប្រតិបត្តិការ​​ដែលកំពុងបន្តប្រព្រឹត្តទៅ ដើម្បីកម្ចាត់ក្រុម ISIS នៅទីក្រុង Raqqa បានបណ្តាលឱ្យប្រជាជនស្លូតត្រង់យ៉ាងតិច ៣០០នាក់ស្លាប់ និងប្រមាណ​ ១៦០,០០០​នាក់ត្រូវបង្ខំចិត្តភៀសខ្លួន៕



No comments:

Post a Comment