Friday, June 23, 2017

លោក សុខ ឥសាន លើកឡើងថា ជនណាចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ជនណាចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ដែលអាចចាត់ទុកជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។

លោក សុខ ឥសាន បានបញ្ជាក់ថា នៅលើពិភពលោក ការគ្រប់គ្រងរដ្ឋមានពីរប្រព័ន្ធផ្សេងគ្នា គឺ៖ ១- ការគ្រប់គ្រងតាមប្រព័ន្ធ សាធារណរដ្ឋនិយម គឺមានប្រធានាធិបតី គ្មានព្រះមហាក្សត្រសោយរាជ្យទេ។ ប្រធានាធិបតីកាន់អំណាច ដោយមានអាណត្តិ កំណត់ គឺ ១អាណត្តិ មានរយៈពេល ៤ ឆ្នាំ  ហើយប្រធានាធិបតីអាចអនុញាតិឱ្យឈរឈ្មោះប្រកួតប្រជែងបានម្តងទៀតគម្រប់ជា២អាណត្តិ  មិនមានសិទ្ធិឈរឈ្មោះ លើសពី ២  អាណត្តិទេ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវអនុវត្តតាមប្រព័ន្ធឯកត្តនាម  និង២- ការគ្រប់គ្រងតាមប្រព័ន្ធ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬអាចហៅថាប្រព័ន្ធសភានិយមក៏បាន។ ការបោះឆ្នោតយកតាមប្រព័ន្ធសមាមាត្រ គឺ គណបក្សដើរជាតួឯកក្នុងការបោះឆ្នោត មានន័យថាបោះឆ្នោតជ្រើសរើសយកគណបក្ស ។ គណបក្សនយោបាយ ជាអ្នកកំណត់បេក្ខភាពនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី មិនមានកំណត់អាណត្តិនោះទេ ។

ផ្អែកតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានប​ញ្ចូលខ្លឹមសារសំខាន់ៗមួយចំនួនទៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣  ព្រះរាជាណាចក្រកម្ពុជា យកតាមលំនាំការគ្រប់គ្រងរដ្ឋតាមប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រព័ន្ធគ្រប់គ្រងនេះ មិនត្រូវបានអនុញ្ញាតិមានការកែប្រែទេទោះបីក្នុងការធ្វើវិសោ ធនកម្មរដ្ឋធម្មនុញ្ញក៏ត្រូវហាមឃាត់ដែរ ។ ដូច្នេះ ការដែលចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ហើយអាចចាត់ទុកជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ចង់ដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋនិយម ដែលរដ្ឋធម្មនុញ្ញបានហាមឃាត់ជាដាច់ខាត យោងមាត្រា១៥៥ថ្មី ពីរ មាត្រា១៥៣ ថ្មី ជំពូកទី ១៦ ថ្មី ពីរ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ជនណាក៏ដោយដែលមានបំណង និងចេតនាចង់ផ្លាស់ប្តូរ​របបគ្រប់គ្រងរបស់ប្រទេស ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕





No comments:

Post a Comment