Friday, June 23, 2017

ហេតុអ្វីបាន​ជាអាមេរិក​​កំពុង​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ច្រើន​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់?

រយៈ​ពេល​ ២ សប្តាហ៍​មុន យោធា​អាមេរិក​ ទីបំផុត បាន​ទទួល​ស្គាល់​នូវ​អ្វីដែល​ក្រុម​ឃ្លាំ​មើល​មិន​មែន​រដ្ឋាភិបាល​​បាន​អះអាង​អស់​ជា​ច្រើន​ខែ​មក​ហើយ គឺក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដែល​កំពុង​វាយ​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចាប់ពី​ខែ​សីហា ឆ្នាំ ២០១៤ នោះ​បាន​និង​កំពុង​សម្លាប់​ជន​ស៊ីវិល​អ៊ីរ៉ាក់​និង​ស៊ីរី​នៅ​ក្នុង​អាត្រា​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​រយៈ​ពេល ៤ ខែ​ចាប់​តាំង​ពី​ប្រធានាធិបតី​ ត្រាំ​ បាន​ឡើង​កាន់​តំណែង។ លទ្ធផល​នោះ​បាន​ក្លាយទៅជា​ការ​បាត់​បង់​អាយុជីវិត​ជន​ស៊ីវិល​យ៉ាង​សន្លឹក​សន្ធាប់​ ដូចដែល​ប្រមុខ​របស់​គណៈ​កម្មាធិការ​ស៊ើបអង្កេត​ឯករាជ្យ​​លើ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយកាលពី​សប្តាហ៍មុន។​

ទីបញ្ជាការ​កណ្តាល​របស់​អាមេរិក Centcom ដែល​ទទួល​ខុសត្រូវ​​តំបន់​មជ្ឈឹមបូព៌ា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី ២ ខែ​មិថុនា​ថា “យ៉ាង​តិច​ ជនស៊ីវិល​ចំនួន ៤៨៤ ត្រូវ​បាន​សម្លាប់​ដោយ​អចេតនា​​ដោយ​ការ​វាយប្រហារតាម​អាកាស​របស់​ក្រុម​ចម្រុះ”។ កាលពី​ ៤ ខែ​មុន Centcom បាន​និយាយថា យ៉ាង​តិច​ជនស៊ីវិល​ចំនួន​ ១៩៩ នាក់​ត្រូវបាន​សម្លាប់​​នៅ​ក្នុង​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​។ ការ​ប៉ាន់​ប្រមាណ​ដោយ​អ្នក​ឃ្លាំ​មើល​ឯករាជ្យ​​គឺខ្ពស់ជាង​នោះ។ ក្រុម​ឃ្លាំ​មើល​ឈ្មោះ Airwars បាន​និយាយថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​​បាន​សម្លាប់​ជន​ស៊ីវិល​ជិត ៤០០០ នាក់។​

ចំនួន​ជន​ស៊ីវិល​ស្លាប់​បាន​កើន​ឡើង​ ដោយសារតែ​ការ​វាយ​ប្រយុទ្ធ​​បាន​ចូល​ជ្រៅ​ទៅ​កាន់​បណ្តាទីក្រុង​ធំៗ។ ប៉ុន្តែ​ ទោះបីជា​ចំនួន​ជន​ស៊ីវិល​ស្លាប់​បាន​កើន​ឡើង​ក៏​ដោយ ក៏​យោធាអាមេរិក​មិន​បាន​ពិនិត្យ​មើល​ ស៊ើប​អង្កេត និង​​គណនីភាព​​លើ​ការ​ស្លាប់​ជន​ស៊ីវិល​ទេ។ ​ការ​រក​ឃើញ​មូល​ហេតុ​ដល់​កំហុស​ឆ្គង​​ដ៏​សោដនាតកម្ម​នេះ ការ​មើលឃើញ​នូវ​អ្វីដែល​អាច​រៀន​សូត្រ​ពី​កំហុស​ និង​ការ​ពង្រឹង​ស្តង់​ដារ​យោធា​អាមេរិក​កាំង​អាច​សង្គ្រោះជីវិត​បាន​រាប់​ពាន់។

លោក ត្រាំ បាន​ផ្តល់​យោធានូវ “សិទ្ធិ​អំណាច​ទាំង​ស្រុង” ក្នុងការ​សម្រេច​លើ​វិធី និង​ចំនួន​កម្លាំង​ប៉ុន្មាន​ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ ជា​អំណាច​ដែល​មានការ​ក្តាប់​យ៉ាង​ដិតដល់​ដោយ​សេតវិ​មាន​របស់​ អូបាម៉ា។ ប៉ុន្តែ​ រដ្ឋមន្ត្រីការ​ពារជាតិ​លោក James Mattis បាន​ទទួច​នៅថ្ងៃទី ២៨ ខែ​ឧសភា ថា ចេតនា​របស់​យើង​ក្នុងការ​ការពារ​ជន​គ្មាន​កំហុស​នៅ​តែ​មិន​ផ្លាស់​ប្តូរ។​

ជាង​នេះទៅទៀត ការ​វាយប្រហារ​តាម​អាកាស​ថែមទៀត​បាន​ធ្វើ​ឡើង​នៅ​តំបន់​ប្រជុំ​ជន ដូចជា​ក្រុង​ Mosul ជា​ជំរុំ​រឹង​មាំ​ចុង​ក្រោយ​របស់​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់។ គ្រាប់​បែក​ទម្ងន់ ៥០០ ផោន ដែល​បាន​ទម្លាក់​ទៅ​លើ​​អ្នក​បាញ់ស៊ីប​ពីរនាក់​នោះ​​បាន​ធ្វើ​ឲ្យ​ឃ្លាំង​ផ្ទុក​គ្រាប់​បាន​ផ្ទុះ​ឡើង ដែល​ធ្វើ​ឲ្យ​អាគារ​មួយ​រលំ និង​សម្លាប់​ជន​ស៊ីវិល​អ៊ីរ៉ាក់​ចំនួន ១០៥ នាក់​នៅថ្ងៃទី ១៧ ​ខែកុម្ភៈ។ នេះបើ​យោង​តាម Centcom ។ ដោយ​សារតែ​រដ្ឋអ៊ីស្លាម​កំពុង​ប្រើ​ប្រាស់​អាគារ​លំនៅ​ដ្ឋាន​មក​ធ្វើ​ជា​ទីតាំង​បញ្ជា កន្លែង​ផ្ទុក​គ្រាប់ និង​ទីតាំង​ប្រយុទ្ធ​នោះ ការ​ស្លាប់​ជន​ស៊ីវិល​គឺ​មាន​លទ្ធភាព​ខ្ពស់។​

ប៉ុន្តែ​ កត្តា​ស្មុគ​ស្មាញ​កាន់តែ​ខ្លាំង​បាន​លេច​ឡើង។

ទោះបីជា​យោធា​អាមេរិក​បាន​បង្កើន​ការ​ទម្លាក់គ្រប់បែក​ក៏​ដោយ ក៏​គ្មាន​ការ​វាយ​តម្លៃ​​ឯករាជ្យ​ណា​មួយ​អំពី​ព័ត៌មាន​សម្ងាត់​ដែល​ប្រើ​ប្រាស់​ដើម្បី​កំណត់​ទីតាំង​សម្រាប់​ទម្លាក់​គ្រាប់​បែក​នោះទេ។ ឧត្តម​សេនីយ៍ Richard Coe ដែល​បាន​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​ខុស​ឆ្គង​លើ​ក្បួន​យោធា​ស៊ីរី​​នៅ​ខែកញ្ញានោះ បាន​ទទួលស្គាល់​ថា មិន​មាន​ “ក្រុម​ក្រហម” ក្នុងការ​រិះគន់​ដល់​ដំណើរ​ការ​សម្រេច​ចិត្ត​នោះទេ។ ឧត្តមសេនីយ៍ Coe បាន​និយាយថា “គេ​រំពឹង​ថា មនុស្ស​ម្នាក់​ៗ​​នឹង​ធ្វើ​រឿង​នោះ​ដោយ​ខ្លួន​គេ ហើយ​បន្ទាប់​មក​ នៅ​ក្នុង​ដំណើរ​ការ​នោះ បាន​វាយ​តម្លៃ​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​​ដល់​អ្នក​ធ្វើ​ការ​សម្រេចិត្ត”។ បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​ទី​តាំង​សត្រូវ​​មិន​អាច​វាយ​តម្លៃ​ទន្ទឹម​គ្នា​នឹង​ការ​សម្រេច​ចិត្ត​របស់​គេ​បាន​ទេ។

រហូត​ដល់ថ្ងៃទី ១៣ ខែ​មិថុនា យោធា​អាមេរិក​មាន​មនុស្ស​តែ​ពី​រនាក់​ប៉ុណ្ណោះ​ក្នុង​ការ​ស៊ើប​អង្កេត​​លើ​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។ ឥឡូវនេះ​ មាន​អ្នក​ស៊ើបអង្កេត​ពេញម៉ោង​ចំនួន ៧ នាក់​។ មនុស្ស​ជា​ច្រើន​បាន​ស៊ើបអង្កេត​ឧបត្តិហេតុ​បែប​នេះ​នៅ​ក្នុង​សង្គ្រាម​នៅ​ Afghanistan នៅ​ឆ្នាំ ២០១១។ ប្រសិន​បើ​យោធា​​ព្រួយបារម្ភ​នឹង​ការ​ស្លាប់​របស់​ជន​ស៊ីវិល​នោះ អ្នកស៊ើបអង្កេត​ច្រើន​ទៀត​ដែល​មាន​បទពិសោធន៍​ក្នុងការ​កំណត់​ទីតាំង​ត្រូវ​តែ​បញ្ជូន​ទៅ​កាន់ក្រុម​ទាំង​នោះ។​

គេ​ក៏​មិន​មាន​គណនីភាព​​សាធារណៈ​ទៀត​ហើយ។ នៅ​ថ្ងៃទី ២៦ ខែ​ឧសភា មន្ត្រី​ព័ត៌​មាន​យោធា​អាមេរិក​ម្នាក់​បាន​បញ្ជាក់ថា មន្ទីបញ្ចកោន​នឹង​ឈប់​ទទួល​ស្គាល់​ នៅពេល​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជួប​ឧបត្តិហេតុ​ស្លាប់​ជន​ស៊ីវិល​។ ជាង​នេះទៀត យន្តហោះទាំង​នោះ​នឹង​ត្រូវ​តែ​បិទ​បាំង​​នៅ​ក្រោម​ឆ័ត្រ​របស់​ក្រុម​ចម្រុះ។ យោធា​អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន ៩៥ ភាគ​រយ​នៅ​ស៊ីរី និង​ចំនួន ៦៨ ភាគ​រយ​នៅ​អ៊ីរ៉ាក់។ Centcom គួរ​តែ​ទទួល​ខុស​ត្រូវ​រួមលើ​សកម្មភាព​របស់​គេ ជាងជាង​​បំបែក​ការ​ទទួល​ខុស​ត្រូវ។​

សភា​ស្ទើតែ​គ្មាន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​កំណត់​ហេតុ​ដើម​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​ ការ​ដាក់​ឲ្យ​មេបញ្ជាការ ឬ​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​ទទួល​ខុស​ត្រូវ ឬ​ធានាថា មេរៀន​ដែល​រៀន​សូត្រ​ពី​ការ​វាយប្រហារ​ខុស​ឆ្គង​នោះ​ត្រូវ​តែ​យក​ទៅ​ពិនិត្យ​មើល​នៅ​ក្នុ​ងប្រតិបត្តិការ​នៅ​អនាគត​នោះទេ។ សភា​អាច​ប្រើ​តួនាទី​ត្រួត​ពិនិត្យ​របស់ខ្លួន​ដោយ​​ប្រាប់​ឲ្យ​មន្ទី​បញ្ចកោន​រាយការណ៍​អំពី​វិធានការដែល​ខ្លួន​មាន​ដើម្បី​កាត់​បន្ថយ​​អាយុជីវិតជន​ស៊ីវិល​ ផ្តល់​ការ​បណ្តុះ​បណ្តាល​ការ​យល់​ដឹង​បន្ថែម​​សម្រាប់​មន្ត្រី​អាមេរិក​ និង​ក្រុម​ចម្រុះ​ផ្សេង​ទៀត និង​បើក​សវនាការ​សាធារណៈ​ជា​មួយ​នឹង​មន្ត្រី​​ជាន់​ខ្ពស់​ស៊ីវិល​និង​យោធា។​

ចាប់​តាំង​ពី​សង្គ្រាម​ផ្លូវ​អាកាស​ចាប់​ផ្តើម​មក​ ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​បាន​ធ្វើ​ឡើង​ប្រហែល ២២.០០០ លើក ហើយ​មន្ត្រី​យោធា​បាន​អះអាង​ដដែល​ៗ​ថា ពួក​គេ​ធ្វើ​រាល់​អ្វីៗ​ដែល​អាច​ធ្វើ​តាម​ដើម្បីការ​ពារជន​ស៊ីវិល។ ការ​​សន្យា​នោះ​គឺ​មិន​គ្រាន់តែ​​អ្វីត្រឹម​ត្រូវ​ក្នុងការធ្វើ​នោះទេ គឺ​វា​ក៏​សំខាន់​ខាង​យុទ្ធ​សាស្ត្រ​​ដល់​ប្រសិទ្ធភាព​រយៈ​ពេល​យូរ​ផងដែរ​ក្នុង​ការ​ប្រយុទ្ធ​ទល់​នឹង​អំពើ​ភេរវកម្ម៕

ប្រភព៖ New York Times ចុះថ្ងៃ២១ ខែមិថុនា​ ​ឆ្នាំ២០១៧


No comments:

Post a Comment