Friday, June 23, 2017

ទស្សនមតិ៖ តើអ្វីជាភាពខុសគ្នារវាងវីរៈបុរសសង្គ្រាះជាតិពិត និងក្លែងក្លាយ?

វីរៈបុរសសង្គ្រោះជាតិពិតជាជនដែលគេគោរព ស្ងប់ស្ងែង កោតសរសើរ និងលើកតម្កើងជាទីបំផុត ~ ជាជនដែលហ៊ានលះបង់នូវអ្វីៗគ្រប់យ៉ាង ទាំងសាច់ស្រស់ ឈាមស្រស់ មិនខ្លាចនឿយហត់។ វីរៈបុរសសង្គ្រោះជាតិពិត ហ៊ានលះបង់សូម្បីតែអាយុជីវិតខ្លួនឯង ដើម្បីប្រជាជន និងប្រទេសជាតិ ដែលជាទីស្រលាញ់ឥតគណនាបាន ក្នុងទឹកចិត្តយុទ្ធជនអ្នកស្នេហាជាតិ។ ប៉ុន្តែវីរៈបុរសសង្គ្រោះជាតិ ក្លែងក្លាយវិញ ជាជនដែលតែងតែចិញ្ចឹមចិត្ត ចង់បានកិត្តិនាម និងអំណាចក្នុងគ្រាដែល ស្រុកទេស មានសុខសន្តិភាពរួចទៅហើយ។  វីរៈបុរសក្លែងក្លាយ ជាជនកំសាកញី ខ្លាចគុកច្រវ៉ាក់ ខ្លាចស្លាប់ គ្មានប្រវត្តិជាអ្នកសង្គ្រាះជាតិ និងបានតែអួតលើកកម្កើងខ្លួនថាស្នេហាជាតិប៉ុណ្ណោះ។ វីរៈបុរសពិត រកបានដោយកម្រណាស់ ក្នុងគ្រាប្រទេសជាតិជួបកុលយុគ ប៉ុន្តែវីរៈបុរសក្លែងក្លាយវិញ គឺសម្បូរ ណាស់ នៅពេលដែលជាតិបានសុខសាន្តត្រាណ។

តើវីរៈបុរសពិតរបស់កម្ពុជា បានធ្វើអ្វីខ្លះសម្រាប់ជាតិ និងមាតុភូមិ ក្នុងពេលដែលប្រជាពលរដ្ឋកំពុង ស្ថិតក្នុងសម័យកាលដ៏ខ្មៅងងឹត គឺរបបប្រល័យពូជសាសន៍ ប៉ុលពត?

កំឡុងពេលប្រទេសកម្ពុជាមានចលាចល គឺចាប់តាំងពីឆ្នាំ១៩៧០មក វាសនាកម្ពុជាដែលធ្លាប់តែជា ប្រទេសសម្បូរសប្បាយ បានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបឃោរឃៅ យង់ឃ្នងជាទីបំផុត កាប់សម្លាប់សូម្បីតែជាតិសាសន៍ខ្លួនឯង។ ក្នុងរបបប៉ុលពត ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ទាំងប្រុសស្រី ចាស់ក្មេង ត្រូវបានពួកខ្មែរក្រហម ធ្វើទារុណកម្មដោយបង្ខំឱ្យធ្វើការធ្ងន់ បង្អត់ អាហារ បំបិតសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង បំបែកបំបាក់ក្រុមគ្រួសារ ចាប់ទៅឃុំឃាំង និងកាប់ សម្លាប់គ្មានត្រាប្រណី សូម្បីតែកំហុសតិចតួចក៏ដោយ ហើយការសម្លាប់ទៀតសោត គឺតាម របៀប យង់ឃ្នងបំផុត។ ប្រជាពលរដ្ឋខ្មែរ ដែលនៅមានជីវិតរស់រានសល់ពីរបបប៉ុលពត ដែលត្រូវបានសង្គ្រោះ និងរំដោះអោយបានរួចផុតនិងរស់នៅថ្ងៃ៧មករា១៩៧៩ បានដក់ជាប់ក្នុងចិត្តជានិច្ច នូវអារម្មណ៍ ដ៏សែនរន្ធត់ ហើយពួកគាត់តែងតែសម្រក់ទឹកភ្នែក នៅពេលរំលឹកពីជីវិតរស់នៅក្នុងរបបនោះ។ ការបែក បាក់និរាសព្រាត់ប្រាស់ ការបង្អត់អាហារ សោដនាកម្មដ៏រន្ធត់ ការឃុំឃាំងធ្វើទារុណកម្ម ការកាប់សម្លាប់ គ្រប់បែបយ៉ាង បានធ្វើឱ្យពលរដ្ឋខ្មែរស្លូតត្រង់ជាង៣លាននាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម ជាទីបំផុត។

ដោយចង់ឃើញប្រទេសជាតិ និងប្រជាជនខ្លួន បានរួចរស់រានមានជីវិតក្នុងសេចក្តីសុខ ប្រទេសជាតិ មានសុខសន្តិភាពឡើងវិញ និងដើម្បីសង្គ្រោះប្រជាជនដែលនៅមានជីវិត ឱ្យបានរួចរស់ចេញផុត ពីរបបប្រល័យពូជសាសន៍នោះ វីរៈបុរសពិតរបស់យើង គឺយុទ្ធជន ហ៊ុន សែន និងយុទ្ធជនក្លាហាន ៤រូបទៀត បានសម្រេចចិត្តភៀសខ្លួនទាំងប្រថុយប្រថាន ទៅពឹងពាក់ប្រទេសជិតខាង ឱ្យមកជួយ សង្គ្រោះនិងរំដោះប្រជាជនខ្មែរ។ យុទ្ធជន ហ៊ុន សែន បានរៀបចំផែនការយ៉ាងច្បាស់លាស់ជាទីបំផុត ដើម្បីធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ស្វែងរកជំនួយ ដោយរួមដំណើរជាមួយសហការី ដ៏ស្មោះ ត្រង់ ចំនួន៤រូបទៀត រួមមាន៖ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន។ ទម្រាំទទួលបានការយល់ព្រមជួយពីភាគីវៀតណាម វីរៈបុរសយើង បានជួបនូវការលំបាក ឧបសគ្គ រួមទាំងការសាកល្បងជាច្រើនលើកច្រើនសារ ទាំងអត់អាហារ ត្រូវឃុំខ្លួន សព្វគ្រប់បែបយ៉ាង។ វីរៈបុរស ហ៊ុន សែន និងសហការី បានយកជីវិតមកធ្វើដើមទុន ដើម្បីតស៊ូផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ប៉ុល ពត ដែលពេលនោះ ជាកាលៈទេសៈដ៏គ្រោះថ្នាក់ជាទីបំផុត ដោយលោក ហ៊ុន សែន បានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ពេលធ្វើដំណើរទៅវៀតណាមនោះ យុទ្ធជន ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅ ពេលឆ្លងព្រំដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់ វៀតណាម សម្លាប់ឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខ ចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឬទេ? សំណួរចុងក្រោយ តើវៀតណាមអាច ចាប់បញ្ជូនមកអោយប៉ុលពតវិញឬទេ? ហើយបើត្រូវបានគេបញ្ជូនមកវិញមែននោះ គឺគ្មានអ្វីក្រៅពីត្រូវ ប៉ុល ពតសម្លាប់ចោលទាំងពូជនោះទេ។

ការចាកចេញទៅក្នុងផែនការសង្គ្រោះជាតិនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតជា ទីបំផុត។ ការចាកចេញនេះ គឺចាកចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ មានការ លំបាក ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមាន ចំពោះភរិយាដែលកំពុង ស្ថិត នៅក្នុងក្រញ៉ាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ប៉ុលពតនៅឡើយ។ ប៉ុន្តែទឹកចិត្តវីរៈបុរសរបស់ យើងមិនដែលរារែកក្នុងការសង្គ្រោះ និងរំដោះជាតិពីរបបឃោរឃៅម្តងណាឡើយ។

ចុះវីរៈបុរសសង្គ្រោះជាតិក្លែងក្លាយវិញ បានធ្វើអ្វីខ្លះសម្រាប់ជាតិ ក្នុងពេលដែលពលរដ្ឋខ្មែរកំពុង រងគ្រោះក្នុងរបបប៉ុលពត?

វីរៈបុរសសង្គ្រាះជាតិក្លែងក្លាយ គឺបានពួនសំងំលាក់ខ្លួន រកសុខផ្ទាល់ខ្លួន កំសាកញី ខ្លាចស្លាប់ ខណៈ ពលរដ្ឋខ្មែររាប់លាននាក់ កំពុងរស់នៅយ៉ាងវេទនាជាទីបំផុត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ វីរៈបុរសក្លែងក្លាយ គឺមិនស្គាល់អ្វីដែលហៅថាការតស៊ូ និងលះបង់ដោយស្មារតីមោះមុតឡើយ។ វីរៈបុរសក្លែងក្លាយ គឺចូលចិត្តសម្តែងខ្លួនជាតួឯក ប្រកាសខ្លួនថាជាអ្នកស្នេហាជាតិ នៅពេលដែល ប្រទេសជាតិមានសុខសន្តិភាពរួចទៅហើយ។

វីរៈបុរសក្លែងក្លាយជាជនដែលស្រេកឃ្លានអំណាច ចង់តាំងខ្លួនជាវីរៈជនក្លាហាន រហូតហ៊ានភូតភរ កុហកបោកប្រាស់ មួលបង្កាច់ សព្វគ្រប់បែបយ៉ាងឱ្យតែគេជឿ ថាខ្លួនឯងជាវីរៈបុរស។ ហ៊ានរហូតយក ជីវិតជនដទៃ ទៅដោះដូរដើម្បីអំណាចផ្ទាល់ខ្លួន។ ជម្រុញឱ្យមនុស្សដែលបម្រើខ្លួន ទៅស្លាប់ជំនួស ឱ្យតែបានល្បី។ ជនក្លែងជាវីរៈបុរស មិនសមទទួលបានការគោរព និងកោតសរសើរឡើយ។

សម័យកាលបច្ចុប្បន្ន ពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ វាមិនមែន ជាសម័យកាល ដែលត្រូវការសង្គ្រោះជាតិទៀតនោះទេ។ សម័យកាលបច្ចុប្បន្ន ជាសម័យកាលកសាង ជាតិឱ្យរីកចំរើនទៅមុខទៀត ក្នុងដំណាក់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងសកលភាវូបនីយ៍កម្ម ដែលពោរពេញដោយការរីកចំរើនឥតឈប់ឈរ។ ដូច្នេះល្មមដល់ពេលដែលអ្នកនយោបាយមួយចំនួន ឈប់បោកប្រាស់ប្រជាពលរដ្ឋ ថាខ្លួនមកសង្គ្រោះជាតិទៀតទៅ ព្រោះទង្វើរបោកប្រាស់នេះ គឺជា សកម្មភាពសាងគ្រោះឱ្យជាតិទៅវិញទេ។ ចេតនាដ៏អាក្រក់នៃវីរៈបុរសសង្គ្រោះជាតិក្លែងក្លាយ គឺពិតនិង ប្រាកដណាស់ថា អាចបង្កើតនូវគ្រោះថ្នាក់សម្រាប់ជាតិយ៉ាងពិតប្រាកដ៕

ដោយ៖ អ្នកវិភាគតុកាហ្វេ


No comments:

Post a Comment