Friday, June 23, 2017

កម្ពុជា-កូរ៉េចុះអនុស្សរណៈ​សម្រាប់ការថែ​ទាំសុខ​ភាព​អន្តរជាតិ ដើម្បី​បន្តជួយ​គាំទ្រដល់​វិស័យសុ​ខាភិបាលកម្ពុជា

មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បន្តជួយគាំទ្រដល់វិស័យសុខាភិបាលនៅខេត្តបាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន ដោយផ្តោតសំខាន់លើសុខភាពមាតា ទារក និងកុមារ។

លោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទី ស្តីការក្រសួងសុខាភិបាល បានចុះហត្ថលេខាជាមួយលោក Ihn Yohan ប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថា KOFIH បានចុះអនុស្សរណៈយោគយល់លើគម្រោង ការធ្វើឲ្យប្រសើរឡើងនូវសេវាសុខភាព មាតា ទារក និងកុមារ និងសុខភាពបន្តពូជ និងគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស លើវិស័យសុខាភិបាល។
សូមជម្រាបផងដែរថា បន្ទាប់ពីចុះហត្ថលេខា លោក Ihn Yohan បានប្រសាសន៍ថា កូរ៉េនឹងបន្តជួយដល់ក្រសួងសុខាភិបាលសម្រាប់ទ្រទ្រង់ដល់សុខភាពមាតា ទារក កុមារ និងសុខភាពបន្តពូជនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន ព្រមទាំងជួយគាំទ្រសាលាមធ្យមសិក្សាសុខាភិបាលបាត់ដំបង។
គម្រោងនេះ នឹងអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូ ដែលផ្តល់នូវចក្ខុវិស័យ និងទិសដៅសម្រាប់លទ្ធផលសុខភាពសាធារណៈ កាន់តែល្អប្រសើរឡើងនៅកម្ពុជា។
លោក ម៉ម ប៉ុនហេង បានមានប្រសាសន៍ថា គម្រោងគាំទ្រដោយមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយបំពេញបន្ថែមដល់ផែនការប្រតិបត្តិការ ដែលមានស្រាប់របស់ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿននូវសន្ទុះ នៃការកាត់បន្ថយ អត្រាមរណៈភាពមាតា ទារក កុមារ ព្រមទាំងជំរុញនៃការបណ្តុះបណ្តាលធនធានក្នុងវិស័យសុខាភិបាល។
លោក វឿង ប៊ុនរ៉េត ប្រធានសុខាភិបាលខេត្តបាត់ដំបងបានប្តេជ្ញា បន្តអនុវត្តន៍នូវជំនួយរបស់កូរ៉េនេះឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តកាន់តែមានភាពងាយស្រួល ក្នុងការទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយដល់វិស័យសុខាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១២ គិតជាទឹកប្រាក់ចំនួន៨លានដុល្លារ នៅខេត្តបាត់ដំបង ហើយចាប់ផ្តើមពង្រីកនៅខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិនជាបន្តទៀតរហូតដល់ឆ្នាំ២០២១ខាងមុខ៕


No comments:

Post a Comment