Friday, June 23, 2017

អ្នកជំនាញជនជាតិជប៉ុន ​និងអ្នក​ជំនាញ​កម្ពុជា​ បង្កើត​ក្រុមហ៊ុន​ផ្ដល់សេវា​ពន្ធដារ​ដំបូង​បង្អស់​នៅ​កម្ពុជា

ក្រុមហ៊ុនផ្ដល់សេវាពន្ធដារ ដែលមានឈ្មោះថា Ez Cazz Tax Agent Co Ltd ត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុន និងអ្នកជំនាញកម្ពុជា និងបានដាក់ឲ្យដំណើរការជាផ្លូវការហើយ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីផ្ដល់សេវាពន្ធដារដល់អតិថិជនដំបូងបង្អស់នៅកម្ពុជា ក្នុងការផ្ដល់ភាពងាយស្រួល ដល់ការបង់ពន្ធ ឬប្រើប្រាស់សេវាផ្សេងៗ ក៏ដូចជាបញ្ចៀសបញ្ហាដែលអតិថិជនជួបប្រទះកន្លងមក។

អគ្គនាយកក្រុមហ៊ុន លោក Kazuhiko Hashimoto បានឲ្យដឹងថា ក្រុមហ៊ុនបានបម្រើសេវាកម្មចំនួន១៣ដល់អតិថិជន រួមមាន សេវាកម្ម ប្រកាសពន្ធប្រចាំខែ ប្រកាសពន្ធប្រចាំឆ្នាំ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ពន្ធលើអចលនទ្រព្យ ពិគ្រោះ និងប្រឹក្សាយោបល់ផ្នែកពន្ធ ចុះបញ្ជីក្រុមហ៊ុនថ្មី បិទក្រុមហ៊ុន ផ្លាស់ប្ដូរទីតាំងក្រុមហ៊ុន ចុះបញ្ជីពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម បន្ដ ប័ណ្ណប៉ាតង់ ចុះបញ្ជីម៉ាកសញ្ញា ស្នើរសុំអាជ្ញាប័ណ្ណ បន្ដអាជ្ញាបណ្ណ។

លោកបន្ដទៀតថា ដោយមើលឃើញថាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ហើយកន្លងមកការ ប្រកាសពន្ធគឺតាមរបបម៉ៅការ ម៉្យាងទៀតខាងពន្ធដារបានរឹតបន្ដឹងខាងផ្នែកពន្ធដែល តម្រូវឲ្យប្រជាជនត្រូវធ្វើឲ្យបានត្រឹមត្រូវ ដូច្នេះទើបលោកបានសម្រេចថានឹងមកធ្វើជំនួញនៅកម្ពុជា។ ដូច្នេះសម្រាប់អ្នកដែលមិនទាន់ចេះនឹងរត់មករកក្រុមហ៊ុនឲ្យជួយ ហើយការបើកក្រុមហ៊ុននេះ គឺដើម្បីជួយទៅដល់អតិថិជនដែលកំពុងមានបញ្ហា។

បើតាមលោកអគ្គនាយកបានប្រាប់ឲ្យដឹងទៀតថា ដើម្បីឲ្យអតិថិជនជ្រើសរើសយកសេវាកម្មរបស់ក្រុមហ៊ុនយើង គឺយើងត្រូវធ្វើឲ្យទាន់ពេលវេលាកំណត់ សេវាកម្មឆាប់រហ័ស ត្រឹមត្រូវ ជាក់លាក់ រក្សាទុកព័ត៌មាន និងឯកសាររបស់អតិថិជនជាការសម្ងាត់ ធ្វើការផ្សព្វផ្សាយ និង Update រាល់ព័ត៌មានពន្ធឲ្យទាន់ពេលវេលាដល់អតិថិជន៕





No comments:

Post a Comment