Friday, June 23, 2017

ក្រសួងសាធារណការ​ រៀបចំ​សិក្ខាសាលា ​ដើម្បីលើក​កម្ពស់​សមត្ថភាព​មន្ត្រីក្នុង​ការរៀប​ចំផែន​ការថវិកា​

នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោក ឈួន វិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្មី និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ សិក្ខាសាលានេះក៏មានការចូលរួមពីមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

លោក ឈួន វិន បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីជំនាញថវិកាគ្រប់អង្គភាព ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលើកកម្ពស់សមត្ថភាពក្នុងការរៀបចំផែនការ ថវិកាកម្មវិធីនៅតាមអង្គភាពរបស់ខ្លួនផងដែរ។

លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃការសម្រេចដាក់ឱ្យប្រើប្រាស់នូវមាតិកាថ្មី ដោយផ្អែកលើមូលដ្ឋាននៃរចនាសម្ព័ន្ធថវិកាកម្មវិធី ឬចំណាត់ថ្នាក់កម្មវិធី ដែលក្រសួង-ស្ថាប័នបាននឹងកំពុងអនុវត្ត និងផ្តល់លទ្ធផល ក៏ដូចជាភាពងាយស្រួលដល់ការកត់ត្រា វិភាគ និងប្រៀបធៀបចំណាយរបស់ក្រសួង-ស្ថាប័ន ស្របតាមការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអនុវត្តថវិកាតាមកម្មវិធី ស្របតាមក្របខណ្ឌនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបី និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៥-២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ក្នុងគោលបំណងផ្តល់គោលការណ៍ណែនាំថ្មីៗសម្រាប់មូលដ្ឋាន និងជាក្របខណ្ឌនៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៨ ខាងមុខនេះ៕




No comments:

Post a Comment