Thursday, April 27, 2017

លោក ហ៊ីង ប៊ុនហៀង អញ្ជើញសម្ពោធសាលាមេគណខេត្តតាកែវ និងសមិទ្ធផលនានាក្នុងវត្តតុំ ​និងជួប​សំណេះសំណាល​ មន្ត្រីរាជការ​ ប្រជាការពារ​ លោកគ្រូអ្នកគ្រូ​ ក្នុងក្រុង​ដូនកែវ​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុងពិធីសម្ពោធសាលាមេគណខេត្តតាកែវ និងសមិទ្ធផលនានានៅក្នុងវត្តតុំ និងជួបសំណេះសំណាល មន្ត្រីរាជការ ប្រជាការពារ លោកគ្រូអ្នកគ្រូ ស្ថិតក្នុងក្រុងដូនកែវ។
លោកបានមានប្រសាសន៍ទៀតថា សមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងសាលាមេគណខេត្តតាកែវ និងសមិទ្ធិផលនានាក្នុងវត្តតុំ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាការពារ និង លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ជាង១៣០០នាក់ ស្ថិតក្នុងសង្តាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ហ៊ីង ប៊ុនហៀង បានបន្តថា នៅប្រទេសណាក៏ដោយ នៅពេលប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយល្អហើយ យើងចង់កសាង និងអភិវឌ្ឍន៍អ្វីៗនៅក្នុងប្រទេសក៍អាចដំណើរការបានយ៉ាងងាយស្រួលរលូនដែរ រួមទាំងការបណ្ដាក់ទុកវិនិយោគបរទេសលើគ្រប់វិស័យ ក៏ដូចជាកំណើនរបស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងប្រទេសជាដើម។ ផ្ទុយទៅវិញបើប្រទេសមួយមានសង្រ្គាមនោះ នាំឱ្យប្រទេសជាតិធ្លាក់នៅក្នុងគ្រោះមហន្តរាយខ្ទេចខ្ទី។
លោកក៏បានផ្តាំផ្ញើដល់មន្ត្រីគណបក្សប្រជាជន ត្រូវជំរាបជូនអ្វីដែលជាការពិត កុំសន្យា ភូតភរ ត្រូវបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងអោយបានល្អ។
លើសពីនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ថាទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំដាច់ខាតនូវបដិវត្តពណ៌នៅកម្ពុជា និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។
សុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើន និងការរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែងថ្ងៃនេះសមិទ្ធផលនានាបានកសាងឡើង ក្នុងវត្តមានអគារសាលាមេគណខេត្តតាកែវ ធ្វើអំពីបេតុងប្រក់ក្បឿង មានព្រះវិហារ អគារសិក្សា បណ្ណាល័យ ផ្លូវចូលវត្ត ស្រះទឹក ក្លោងទ្វារ ចាក់បេតុង សាលាធម្មសភា ចាក់ដី ចាក់សាប និងក្រាលការូឡាទីធ្លាវត្តតុំ។
លោក ហ៊ីង ប៊ុនហៀង និងលោកស្រី បានចំណាយថវិការអស់ចំនួន ៥៨៧ ៥០០ ដុល្លាអាមេរិក។ នេះជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងថ្នាក់ដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិការ ក្រណាត់សជូនយាយជីតាជី ថវិការសម្ភារះសិក្សាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិយុវជន យុវជនកាកបាទក្រហម ក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ។
បន្ថែមពីនោះ លោកបានប្រគេនបច្ច័យដល់វត្តតុំ 20លានរៀល និងឧបត្ថម្ភក្រុងដូនកែវ លេបថប់ 5គ្រឿង និងម៉ូតូc125 ០២គ្រឿង គណបក្សខេត្តតាកែវ ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងព្រីនធឺរ ១គ្រឿង និងសាលាសង្កាត់ចំនួនបី ក្នុង1សង្កាត់ៗ ម៉ូតូ ហុងដា c125 (1គ្រឿង) ព្រមទាំងថវិការ50ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសាលាបឋមសិក្សាវត្តតុំ ថវិការ1លានរៀលផងដែរ៕



No comments:

Post a Comment