Thursday, April 27, 2017

លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំមិន​ទុកឱ្យ​កុមារ និង​យុវជន​កម្ពុជា​អភ័ព្វដូច​ខ្ញុំទេ!​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទុកឱ្យកុមារ និង យុវជនអភ័ព្វដូចរូបលោកទេ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសារតែអត់សាលារៀន លោកត្រូវធ្វើដំណើរ ចាកចេញពីឪពុកម្តាយ តាំងពីអាយុ១៣ឆ្នាំ ហើយនៅពេលមេឃភ្លៀងម្តងៗពិតជាកំសត់ណាស់ ទៅរស់នៅវត្ត លោកវ៉ៃម្តងៗឈឺណាស់។
គួរបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
លោកបន្តថា ដោយសារបទពិសោធន៍ជូរចត់ នៃអតីតកាលរបស់ខ្លួន បានជានៅពេលមានឱកាសដឹកនាំប្រទេស លោកបានគិតថា សាលារៀន គឺជាគោលដៅធំបំផុត ដែលលោកត្រូវតែធ្វើឱ្យខានតែបាន ដើម្បីបង្ខិតសាលាចូលទៅកាន់ក្បែរផ្ទះកូនសិស្ស។ លោកនាយករដ្ឋមន្ត្រី បន្ថែមថា ឥឡូវនេះបញ្ហាធំរបស់យើងគឺធ្វើយ៉ាងណាឱ្យមាតាបិតា អាណាព្យាបាល ខិតខំចុះឈ្មោះឱ្យកូនចូលរៀននៅពេលដែលកូនដល់អាយុចូលរៀន និងខិតខំយ៉ាងណាកុំឱ្យកូនបោះបង់ចោលសាលា។ លោកលើកឡើងថា យើងកំពុងតែធ្វើវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំ និងសិក្សាធិការ សាលារៀនថ្មីៗក៏បាននឹងកំពុងកើត បន្តបន្ទាប់ សាលាចាស់ត្រូវធ្វើជំនួសដោយសាលាថ្មី ជាតំរូវការចាំបាច់ខានមិនបាននូវតំរូវការការរីកលូតលាស់នៃប្រទេសរបស់យើង។ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា មានគ្រួសារខ្លះតំរូវឱ្យកូនបោះបង់ការសិក្សា ដើម្បីជួយទៅដល់កិច្ចការឱ្យពុកម្តាយ តែរឿងនេះយើងត្រូវខិតខំពន្យល់មាតាបិតា ឱ្យយល់អំពីសារៈសំខាន់នៃការបណ្តុះបណ្តាលកូនចៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា យុវជនបច្ចុប្បន្ន មិនកំសត់ដូចយុវជន រឺជំទង់ជំនាន់លោកនោះទេ។ សូម្បីនៅវត្តជំនាន់នេះក៏ខុសពីជំនាន់មុនដែរ ជំនាន់មុននៅវត្តនៅភ្នំពេញគ្មានទឹក គ្មានភ្លើង ត្រូវទៅដងទឹក រែកទឹក អូសទឹកទៀត តែ ឥឡូវយុវជនយើងមានឱកាសធំណាស់ មានសន្តិភាពហើយ មានហេដ្ឋារចនាសម្ព័ន្ធ និងមាន សាលានៅគ្រប់ទីកន្លែង៕





No comments:

Post a Comment