Thursday, April 27, 2017

លោក ហ៊ុន សែន បញ្ជាក់ថាពលករមីយ៉ាន់ម៉ា នឹងមិនត្រឡប់ទៅផ្ទះតាមការអំពាវនាវរបស់លោកស្រី អ៊ុង សានស៊ូជី នោះទេ

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពលករមីយ៉ាន់ម៉ា នឹងមិនត្រឡប់ទៅផ្ទះវិញនោះឡើយ តាមការអំពាវនាវរបស់លោកស្រី អ៊ុង សានស៊ូជី។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតឆ្លើយតបនឹងសារឌឺដង របស់បក្សប្រឆាំង រឿងលោកស្រី អ៊ុង សានស៊ូជី អំពាវនាវឱ្យពលករមីយ៉ាន់ម៉ាត្រឡប់ទៅធ្វើការនៅក្នុងប្រទេសវិញនោះថា ពលករមីយ៉ានម៉ា នឹងមិនត្រឡប់ទៅវិញនោះឡើយ ព្រោះកម្លាំងពលកម្មនៅថៃខ្ពស់ជាងនៅមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងអនុវត្តន៍នូវប្រាក់បៀវត្សអប្បបរមាត្រឹមតែប្រមាណ ៨០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ សំណួរសួរថា តើពលករមីយ៉ាន់ម៉ា ប្រមាណជាពីរលាននាក់ដែលកំពុងធ្វើការក្នុងប្រទេសថៃយល់ព្រមទៅធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រាក់បៀវត្សត្រឹមតែ ៨០ ឬ១០០ដុល្លារអាមេរិក នៅក្នុងពេលដែលគេ អាចរកបាន២០០ ទៅ៣០០ដុល្លារនៅក្នុងប្រទេសថៃ។
លោក ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងនោះ ក៏មានពលករ ពលការិនីដែលកំពុងធ្វើការងារក្រៅប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារជាមួយបណ្តាប្រទេសនានាដើម្បីបង្កើតស្ថានភាពស្របច្បាប់ បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ប្រាក់ចំណូលមកក្នុងប្រទេសកម្ពុជាតាមរយៈពលកររបស់យើងដែលធ្វើការនៅក្រៅប្រទេស ហើយបញ្ជូនប្រាក់ទាំងនោះមកកាន់ក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់នៃចំណូលគ្រួសារ និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផងដែរ៕


No comments:

Post a Comment