Thursday, April 27, 2017

ប្រធាន​ព្រឹទ្ធសភា៖ ឯក​អគ្គរាជទូត​ខ្មែរត្រូវគិតពី​ប្រយោជន៍​ជាតិ និងត្រូវខិត​ខំពង្រីក​កិច្ច​សហប្រតិបត្តិការ លើក​កិត្យា​នុភាព​កម្ពុជា​លើឆាក​អន្តរ​ជាតិ

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូតខ្មែរ ដែលប្រចាំការនៅបរទេសទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ហើយត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ផ្ទះ និងស្ថានទូតប្រទេសដទៃ ដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។ នេះជាការលើកឡើងរបស់លោកក្នុងឱកាសជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាចំនួន៦រូប ដែលទើបត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងថ្មីចំនួន៦រូប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានព្រឹទ្ធសភា មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៦។
លោក សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ​មួយចំនួន ជូនដល់​ឯកអគ្គរាជទូត​ទំាងអស់ ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយ ពន្យល់អំពីសភាពការណ៍នយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់សាធារណមតិជាតិ អន្តរជាតិ ជាពិសេសនៅប្រទេសដែលខ្លួនកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យ បានកាន់តែច្រើន។
សូមជម្រាបផងដែរថា ឯកអគ្គរាជទូតថ្មីទាំង៦រូបនោះ រួមមាន លោកស្រី សឿង រដ្ឋចាវី ប្រចាំនៅចក្រភពអង់គ្លេស លោក ហោ ណាំបូរ៉ា ប្រចាំនៅឥណ្ឌូនេស៊ី  លោកស្រី ទូច សុផារត្ន  ប្រចាំនៅអាល្លឺម៉ង់ លោក ចេង ម៉ានិត ប្រចាំនៅឡាវ លោក ស៊ិន ប៊ុនធឿន ប្រចាំនៅកូរ៉េខាងត្បូង និងលោក ងួន សុវេង ប្រចាំសិង្ហបុរី។
នាឱកាសនោះ លោក សាយ ឈុំ បានសម្តែងនូវការអបអរសាទរ ចំពោះលោក លោកស្រីទាំង៦រូប ដែល​ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ​ព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសទាំង៦នេះ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់លោក លោកស្រីទាំង៦រូប ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ទំាងវិស័យនយោបាយ ការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
នាឱកាសសម្តែងការគួរសម លោកស្រី សឿង រដ្ឋចាវី ​ជាតំណាង​ឯកអគ្គរាជទូតទំាងអស់​បានប្តេជ្ញា នៅចំពោះមុខ​សម្តេចប្រធាន​ព្រឹទ្ធស​ភា​ថា នឹងខិតខំបំពេញភារកិច្ចជាតំណាង ឲ្យកម្ពុជា ​នៅលើឆាកអន្តរជាតិ ទៅ​តាមច្បាប់ដែល​បាន​កំណត់​។ លោកស្រីបានសន្យាថា ឯកអគ្គរាជទូតទំាងអស់ នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយ​នឹងប្រទេស​ម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត ​និងខិតខំទាក់ទាញវិនិយោគិន អ្នក​ទេសច​រ ឲ្យមក​កម្ពុជាកាន់តែច្រើន៕


No comments:

Post a Comment