Thursday, April 27, 2017

អ្នកស្រាវជ្រាវយល់ថា បំណែកកុលាលភាជន៍ ផ្តល់នូវទិន្នន័យ​ច្រើន​អំពីសង្គមមនុស្សបុរាណ

តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគ​ច្រើន​​​​​ផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គ​ប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវ​យក​​​​​​​​ចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សា​ស្រាវ​ជ្រាវអំពី​កុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។
បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ Australian National University លោក TSE SIANG LIM ដែល​បានចុះ​ធ្វើការ​ស្រាវ​ជ្រាវដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក៏បានចាប់​អារម្មណ៍​និង​ផ្តោតការស្រាវជ្រាវលើបញ្ហាកុលាលភាជន៍នេះដែរ។ កិច្ចការស្រាវជ្រាវរបស់លោកបានធ្វើឡើង តាមរយៈ​គម្រោង​ស្រាវ​ជ្រាវមួយ ដែលមានឈ្មោះថា គម្រោង​ស្រាវ​ជ្រាវ​អំពី​វិសាលភាពអង្គរ (The Greater Angkor Project) ដែល​ជា​គម្រោង​សហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យា​ល័យ​​ស៊ីដនីនៃប្រទេសអូស្ត្រាលី។
ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក  TSE SIANG LIM បញ្ជាក់ថា ទិន្នន័យ​ដែល​លោក​ទទួល​បានពីការសិក្សាកុលាលភាជន៍ ដែលបាន​ពីកំណាយ​នៅស្ថានីយព្រៃក្មេង និងភូមិល្វា នៅក្នុងស្រុកពួក​ខេត្ត​សៀម​រាប និងភូមិសូភីដែលស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​​ជ័យជាដើម អាចជួយឲ្យលោក​យល់ដឹងអំពី​ការប្រែប្រួល​នៃសង្គមមនុស្សក្នុងសម័យបុរេប្រវត្តិបានច្រើន។
ជាក់ស្តែង លទ្ធផលកំណាយ​លើផ្នូរដែលស្ថិត​នៅក្នុង​យុគ​សម័យ​លង្ហិន (Bronze Age: 1000-500BC) បង្ហាញ​ថា​មានកុលាលភាជន៍តិចតួចជាងផ្នូរក្នុងយុគសម័យដែក (Iron Age: 500BC-1000AD)។ នេះបញ្ជាក់ថា សង្គម​មនុស្ស​ក្នុង​យុគសម័យដែកមានការរីកចម្រើនកាន់តែច្រើន។ លោក TSE SIANG LIM ក៏បញ្ជាក់ដែរ វត្តមានកុលាលភាជន៍​ក្នុងផ្នូរ​ថែមទាំង​ជួយប្រាប់យើង អំពីការបែងចែកសង្គមអ្នកធូរធារ និង​អ្នកក្រីក្រផងដែរ ដូចជាក្នុងផ្នូរខ្លះមានកុលាលភាជន៍ច្រើន ប្រ​ណី​តៗ ជាងផ្នូរខ្លះទៀត ដែលស្ថិតនៅក្នុងសម័យកាលដូចគ្នា តែមានចំនួនកុលាលភាជន៍កប់ជាមួយតិចតួច និងមិនសូវល្អ​ប្រណីត។
បទបង្ហាញនេះ ទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំង​ពី​សំ​ណាក់​អ្នកចូលរួម។ លោកគ្រូ នាង សុភាព ជាគ្រូបង្ហាត់​នៅ​​​​សាលាគរុកោលស្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលបាន​ដឹកនាំ​គរុ​សិស្សប្រមាណជាង៣០រូបមកចូលរួមស្តាប់ បាន​បង្ហាញ​​​អារម្មណ៍រីករាយ និងគាំទ្រចំពោះបទបង្ហាញនេះ។ លោក​គ្រូជឿជាក់ថា គរុសិស្ស​របស់លោក​នឹងបានទទួល​ចំណេះ​​​​ដឹង​​កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងបន្តផ្ទេរ​ចំណេះ​ដឹងដល់សិស្សានុសិស្សក្រោយៗទៀត។ ជាមួយគ្នានេះ លោក​គ្រូក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាបន្ត រៀបចំបទ​បង្ហាញ​អំពីលទ្ធផលស្រាវជ្រាវផ្សេងៗទៀត ដើម្បីបន្ថែម​ចំណេះ​​​ដឹងដល់មហាជនទូទៅ។
លោក ត័ន ប៊ុនស៊ុយ អគ្គនាយករង​ទទួល​បន្ទុក​មជ្ឈ​មណ្ឌល​អន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា រាល់អ្នកស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ តែងតែតម្រូវឲ្យ​មាន​ការផ្តល់ជូនរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងធ្វើបទបង្ហាញជាសាធារណៈ​ចំពោះប្រធាន​បទណា​ដែល​​យល់ថា មានអត្ថប្រយោជន៍ច្រើនដល់អ្នកស្រាវជ្រាវ និង​សាធារណជនជាប្រជាពលរដ្ឋខ្មែរ។ នេះជាកិច្ចសហការមួយដែលបានផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវផង ដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីផង៕




No comments:

Post a Comment