Thursday, April 27, 2017

កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌​ជូនចាស់ជរា​ក្រីក្រមួយ​គ្រួសារ​ និងអំណោយ​មួយចំនួនទៀត​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ផ្ទះមនុស្សធម៌ទី១២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការីប្រគល់ជូនលោកតា ស៊ឹម ហ៊ាន និងលោកយាយ មួន តាំង រស់នៅភូមិព្នៀត ឃុំជីក្រែង ស្រុកជីក្រែង រួមជាមួយអំណោយ និងថវិកាមួយចំនួនទៀត។
លោកតា ស៊ឹម ហ៊ាន មានអាយុ៧៦ ជាចាស់ជរាភ្នែកមើលមិនច្បាស់ ឯលោកយាយ មួន តាំង មានអាយុ៧៦ឆ្នាំ ដៃពិការទាំងពីរ រស់នៅអាស្រ័យដោយអ្នកជិតខាង និងគ្មានកូនចៅនឹងគេឡើយ។
ផ្ទះមនុស្សធម៌នេះ មានទំហំ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៤ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រីអនុប្រធាន និងសហការី ក៏បានប្រគល់អំណោយសង្កត់ផ្ទះ ជូនលោកយាយលោកតាមួយចំនួនផងដែរ រួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។
សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល។ លើសពីនោះ ព្រះតេជគុណ អនុគណស្រុកជីក្រែង ក៏បានចូលរួមឧបត្ថមថវិកា ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួន ជូនលោកតា និងលោកយាយទាំងពីរ ព្រមទាំងថវិកា ២០ម៉ឺនរៀល សម្រាប់ជូនលោកយាយ លោកតា ដែលបានអញ្ជើញចូលរួមផងដែរ៕




No comments:

Post a Comment