Thursday, April 27, 2017

ទស្សនៈ៖ ភ្នាក់ងារព័ត៌​មាន និង​អង្គការសិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ល្មមដល់​ពេលឈប់​តាំង​ខ្លួន​ជា «អ្នក​មាន​អភ័យ​ឯក​សិទ្ធិ» ទៀតទៅ …!

ប្រទេសនីមួយៗ មានរចនាសម្ព័ន្ធគ្រប់គ្រងដោយច្បាប់ ដែលក្នុងន័យនេះ ការអនុវត្តន៍ច្បាប់ គឺជាការចាំបាច់ដើម្បីធានាដល់សង្គមសេរីមួយមានសណ្តាប់ធ្នាប់។ ដូច្នេះ ការប្រើសេរីភាពគ្រប់បែបយ៉ាងរាប់បញ្ចូលទាំងសេរីភាពសារព័ត៌មាន និងសេរីភាពអង្គការសង្គម ត្រូវតែឈរលើការគោរពច្បាប់ និងគោរពអំណាចរដ្ឋមានសមត្ថកិច្ច ភ្ជាប់ជាមួយនឹងការទទួលខុសត្រូវលើទង្វើរបស់ខ្លួនចំពោះមុខច្បាប់ជាធរមាន។

ហេតុដូចនេះ គឺសម្រាប់ភ្នាក់ងារព័ត៌មាន និងអង្គការសិទ្ធិមនុស្សនិន្នាការប្រឆាំង ល្មមដល់ពេលភ្ញាក់រលឹកហើយ ដោយឈប់តាំងខ្លួនជា «អ្នកមានអភ័យឯកសិទ្ធិ ឬបុព្វសិទ្ធិពិសេស» ទៀតទៅ។ ថ្មីៗនេះ វិទ្យុអាស៊ីសេរី ផ្នែកខេរៈភាសា បែរជាចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ស្ថាប័នរដ្ឋមានសមត្ថកិច្ច ក្នុងរឿងបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តដោយលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា «ជារឿងហួសហេតុដែលអាជ្ញាធរ យកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង …» ទៅវិញ។ ដំណាលគ្នានោះ អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយចោទប្រកាន់អាជ្ញាធររដ្ឋ ថា «មិនឱ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅព្រៃស …»។

មែនទែនទៅ ទាំងភ្នាក់ងារវិទ្យុអាស៊ីសេរី ទាំងអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គួរសិក្សាអំពីបទបញ្ញត្តិច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប្រតិបត្តិការងាររបស់ខ្លួន មិនរំលោភច្បាប់ជាធរមាននាំឱ្យមានទោស។គួរតែកុំតាំងខ្លួនឯងថា ងារជាអ្នកបំពេញការងារព័ត៌មាននៃភ្នាក់ងារឯកជន ក៏ដូចជាការងារសិទ្ធិមនុស្ស មានបុព្វសិទ្ធិពិសេស ឬអភ័យឯកសិទ្ធិ ឱ្យសោះ គឺមិនត្រឹមត្រូវទេ ព្រោះគ្មានប្រទេសណាលើពិភពលោកនេះ រាប់ទាំងសហរដ្ឋអាមេរិកផង ផ្តល់ឱ្យការងារនេះនៅក្រៅក្របខ័ណ្ឌច្បាប់ឡើយ។

ល្មមដល់ពេលបណ្តុះសតិសម្បជញ្ញៈគោរពច្បាប់រដ្ឋហើយ និងល្មមដល់ពេលឈប់លាបពណ៌ បំផ្លើស មួលបង្កាច់ ក៏ដូចជាបោះបង់ចោលនូវវប្បធម៌ទម្លាក់កំហុសទៅស្ថាប័នរដ្ឋ និងវប្បធម៌ដាក់ខ្លួនជាជនរងគ្រោះទៀតទៅ …!

ប្រភព៖ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា


No comments:

Post a Comment