Thursday, April 27, 2017

ប្រធានរដ្ឋសភា ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជា គិតគូរពីផលប្រយោជន៍ប្រទេសជាតិជាធំ និងបង្កើន​កិច្ចសហប្រតិ​បត្តិការល្អ​ ជាមួយ​ឯកអគ្គរដ្ឋទូត​-រាជទូត​ នៃបណ្តា​ប្រទេស​ដទៃទៀត​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ឯកអគ្គរាជទូតថ្មី  នៃប្រទេសកម្ពុជា ដែលទើបតែងតំាងទៅបំពេញបេសកកម្មការទូត នៅប្រទេសចំនួន៦ បានចូលជម្រាបលា និងទទួលអនុសាសន៍ពីលោក ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភា បានថ្លែងនៅចំពោះមុខ លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅបរទេស ដែលទើបតែងតំាងទៅបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួនដូច្នេះថា តួនាទីរបស់លោក លោកស្រី ទាំងអស់មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិរបស់យើង ទំាងវិស័យនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម។
ឯកអគ្គរាជទូតទំាងនោះមាន លោកស្រី សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតប្រចំាចក្រភពអង់គ្លេស លោក ហោ ណាំ បូរ៉ា ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌូនេស៊ី លោកស្រី ទូច  សុផារត្ន ឯកអគ្គរាជទូតប្រចំាប្រទេសអាល្លឺម៉ង់ លោក ចេង ម៉ានិត ឯកអគ្គរាជទូតប្រចំាប្រទេសឡាវ លោក ស៊ិន ប៊ុនធឿន ឯកអគ្គរាជទូត ប្រចំាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងលោក ងួន សុខវេង ឯកអគ្គរាជទូតប្រចាំប្រទេសសឹង្ហបុរី។
ប្រធានរដ្ឋសភា បានបន្តថា នៅក្នុងបេសកកម្មការទូតនេះ លោក លោកស្រី គប្បីគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ។ ត្រូវស្វែងយល់ពីសុខទុក្ខពលករខ្មែរដែលរស់នៅ និងប្រកបអាជីវកម្ម ឬធ្វើការងារនៅប្រទេសដែលលោក លោកស្រី ទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ប្រធានរដ្ឋសភា ក៏បានផ្តាំផ្ញើ សូមឲ្យលោក លោកស្រី បង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើទំនាក់ទំនង និងការពារផលប្រយោជន៍ពលរដ្ឋយើងផង  ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលលោក លោកស្រី ជាតំណាងនៅទីនោះ។
លោក ហេង សំរិន ក៏បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជាទំាងអស់ ធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ មកប្រទេសកម្ពុជាឲ្យបានច្រើន ដោយផ្អែកលើសក្តានុពល ដែលប្រទេសកម្ពុជាមាន។
តំណាងឲ្យឯកអគ្គរាជទូតទំាង៦រូប លោកស្រី សឿង រដ្ឋចាវី បានប្តេជ្ញាចិត្តចំពោះ ប្រធានរដ្ឋសភា ថានឹងខិតខំបំពេញការងារ ដោយអនុវត្តតាមអនុសាសន៍ល្អៗ ឲ្យទទួលបានជោគជ័យ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន នៅក្នុងអាណត្តិការទូតរបស់ខ្លួន៕



No comments:

Post a Comment