Thursday, April 27, 2017

គណៈកម្មាការជាតិអេស្កាប់ ចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់វិស័យសាធារណៈ ជាមួយអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ មកពីប្រទេសចំនួន១០

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានចូលរួមក្នុងសន្និសិទស្តីពី កំណែទម្រង់សាធារណៈ សម្រាប់ការអភិវឌ្ឍជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ នៃការកែទម្រង់លើវិស័យសាធារណៈ ជាមួយអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ មកពីប្រទេសចំនួន១០ទៀត។

សន្និសិទនេះ ធ្វើឡើង នៅសណ្ឋាគារសុខា ដែលគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិសម្រាប់សេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក) សហការជាមូយវិទ្យាស្ថានស្រាវជ្រាវកូរ៉េរបស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី និងការិយាល័យគណៈកម្មការអភិវឌ្ឍវិស័យសាធារណៈ នៃប្រទេសថៃ ដោយមានការចូលរួមជាអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ មកពីប្រទេសចំនួន១០ រួមមាន កម្ពុជា អូស្រ្តាលី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

សន្និសិទនេះ មានគោលបំណងសំខាន់ គឺដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ នៃការកែទម្រង់លើវិស័យសាធារណៈ ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត ដោយផ្តោតលើកម្មវត្ថុសំខាន់៣៖
១.ពិភាក្សាអំពីគោលនយោបាយកំណែទម្រង់ និងដំណើរការ អនុវត្តដែលធ្វើឡើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។
២.ចែករំលែកបទពិសោធន៍ និងសារសំខាន់ នៃគោលនយោបាយសម្រាប់កំណែទម្រង់ ក្នុងពេលអនាគត។ ៣.ពង្រីកបណ្តាញស្រាវជ្រាវជាយុទ្ធសាស្រ្ត រវាងស្ថាប័នសាធារណៈ និងអ្នកស្រាវជ្រាវ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកូរ៉េខាងត្បូង។
នៅក្នុងអង្គសន្និបាទ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជម្រាបដល់អង្គសន្និបាទ អំពីការខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យជាច្រើននៅកម្ពុជាដូចជា ក្នុងវិស័យកងទ័ព ការផ្តល់សេវាសាធារណៈ អភិបាលកិច្ចល្អ និងការប្រឆាំងនឹងអំពើពុករលួយ ដោយកម្ពុជាបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ជាស្ថាប័នឯករាជ្យមួយ ដើម្បីជំរុញឲ្យសង្គមទាំងមូល ចូលរួមអនុវត្តវប្បធម៌ធុរកិច្ចស្អាតស្អំ គោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា នៃអង្គសន្និបាទទាំងអស់ ត្រូវខិតខំពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យអង្គសន្និបាទទទួលបានផ្លែផ្កាដូចការរំពឹងទុក៕



No comments:

Post a Comment