Thursday, April 27, 2017

ទស្សនៈ៖ ការពិនិត្យមើលថាតើចិនពិតជាមើលឃើញសង្រ្គាមថាអាចនឹង​កើតឡើង​ដោយរបៀបណា​ ពេលដែលភាព​តានតឹងបានកើន​ឡើងនៅ​កូរ៉េខាងជើង​

វាជារឿងគួរឲ្យភ្ញាក់ផ្អើលពេលដែលការនិយាយប្រៀបធៀបអំពីសង្រ្គាមមានលក្ខណៈ ជាក់ស្តែង។ នៅថ្ងៃទី ១៤ ខែ មេសា ថ្ងៃដ៏ស្រស់ស្អាតនៅក្នុងខេត្តស្វ័យតរបស់ចិនជាប់ព្រំដែនកូរ៉េខាងជើងឈ្មោះ Yanbian Korean Autonomous Prefecture ត្រូវបានបំផ្លាញដោយដុំពពក ខ្មៅដ៏ធំ ភ្លៀងផ្គរ និងរន្ទះជាច្រើន។ អាកាសធាតុដ៏កាចសាហាវមួយរំពេចនេះបានកើតឡើងស្របនឹងការមកដល់នៃពាក្យចរចាមអារាមថា យោធារបស់សហរដ្ឋអាមេរិកអាចនឹងវាយប្រហារមុនមិនឲ្យមានការតដៃទាន់លើកូរ៉េខាងជើង។
ពេលដែលភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងនៅក្រៅតូបលក់សៀវភៅមួយ អ្នកលក់សៀវ ភៅម្នាក់នៅ Yanji បានសួរខ្ញុំថាតើខ្ញុំគិតថានៅថ្ងៃទី ១៥ ខែមេសានឹងមានសង្រ្គាមផ្ទុះឡើងនៅឧបទ្វីបនេះឬ ហើយនោះមានន័យថា ចិននឹងដោះស្រាយជាមួយរដ្ឋាភិបាលនៅជាប់ព្រំដែន ដែលនៅក្រោមការត្រួតត្រារបស់កូរ៉េខាងត្បូងឬ? ខ្ញុំចង់ប្រាប់គាត់ថាសង្រ្គាមនៅឧបទ្វីបកូរ៉េនឹងនាំឲ្យមានសំលាប់រង្គាលដ៏ធំមួយ ប៉ុន្តែខ្ញុំគិតថាយកល្អកុំនិយាយ ហើយក៏បានចេញដំណើរទៅ Shenyang ភ្លាមៗ។
ផលប៉ះពាល់លើប្រទេសចិន ទោះក្នុងសេណារីយ៉ូណាក៏ដោយជាសង្រ្គាមធម្មតា ឬជាសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺមានលក្ខណៈធ្ងន់ធ្ងរ។ ហើយទោះបីជាមានការពិភាក្សាគ្នា រាប់សិបម៉ោងលើបញ្ហានេះរវាងមេដឹកនាំ និងមន្រ្តីចិន និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏គេមិនមានព័ត៌មានច្រើនចេញពីព្រឹត្តិការណ៍ទាំងនេះដែរ ដែលអាចជួយឲ្យយើងយល់ដឹងអំពីជម្រើសនានារបស់ចិននៅក្នុងសេណារីយ៉ូដ៏អាក្រក់នេះ។
នៅក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង តើអ្នកយុទ្ធសាស្រ្ត និងអ្នកផ្តល់គំនិតរបស់ ចិនចាត់ទុកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង (រួមទាំង ជប៉ុន) ថាជាបញ្ហាចម្បង ហើយក្រុងព្យុងយ៉ាងជាទ្រព្យមួយដែលត្រូវគ្រប់គ្រងឬ? ឬក៏ ក្រុងព្យុងយ៉ាងគឺជាជនល្មើសដ៏ធំមួយក្នុងការបង្កឲ្យមានភាពតានតឹងជាថ្មីរហូតដល់ជិតផ្ទុះសង្រ្គាមឬ?
នៅក្នុងការវាយតម្លៃលើសេចក្តីថ្លែងការណ៍របស់ចិនស្តីពីកូរ៉េខាងជើង យើងត្រូវមើលឲ្យ ហួសពីសេចក្តីថ្លែងការណ៍ និងការផ្តល់ព័ត៌មានដល់អ្នកការសែតនៅក្រសួងការបរទេសចិន និង បទវិចារណកថារបស់កាសែត Global Times ។ អត្ថបទនិពន្ធរបស់បណ្ឌិតសភាសន្តិសុខ នៅក្នុងប្រទេសចិនអាចផ្តល់នូវការវាស់ស្ទង់មួយដ៏ល្អលើបញ្ហានេះ។
ទំនាក់ទំនងជាមួយកូរ៉េខាងជើងគឺមានភាពរសើបខ្លាំងនៅពេលនេះ ជាអ្វីមួយដែលខ្ញុំដឹង ដោយខ្លួនឯងពេលដែលការពិភាក្សារបស់ខ្ញុំ ស្តីពីសង្រ្គាមកូរ៉េត្រូវបានលុបចោលដោយសកល វិទ្យាល័យរបស់ខ្ញុំនៅទីក្រុងសៀងហៃ ប៉ុន្តែ បណ្ឌិតមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការប្រកាសជាសាធារណៈលើបញ្ហានេះគឺមានការចាប់អារម្មណ៍ច្រើនជាង។
ឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពរំដោះប្រជាជនចិនលោក Wang Haiyun បានផ្តល់ឲ្យ កូរ៉េខាងជើងនូវសេចក្តីសុខតិចតួចនៅក្នុងអត្ថបទនិពន្ធរបស់លោកសំរាប់កាសែត National Defense Times នៅថ្ងៃទី ២៧ ខែមីនា ដែលនៅក្នុងនោះលោកបានកត់សំគាល់ថា ការប៉ុនប៉ង របស់ចិនក្នុងការដោះស្រាយស្ថានការណ៍នេះដោយសន្តិវិធីមិនបានចាក់ឫសជ្រៅឡើយ ព្រោះថា “ទោះបីជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឬ កូរ៉េខាងជើងក៏ដោយ គ្រោះថ្នាក់នៃសង្រ្គាម មួយ ដែលផ្ទុះឡើងគឺមានទំហំធំធេងណាស់។”
ការព្រួយបារម្ភដ៏ចម្បងរបស់លោក Wang គឺថាចិនត្រូវត្រៀមរៀបចំជាបន្ទាន់សំរាប់សង្រ្គាមដ៏ធំមួយនៅក្នុង និងនៅជុំវិញកូរ៉េ ការត្រៀមរៀបចំនេះរួមមានការចល័តកងអង្គភាព អាវុធប្រឆាំងគីមីទៅកាន់តំបន់ជាប់ព្រំដែន។ លោក Wang នៅតែព្រួយបារម្ភអំពីកាកសំណល់ ឬចំហាយនុយក្លេអ៊ែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រ ឬតំបន់បាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងចូលទៅក្នុងតំបន់ជាប់ព្រំដែនចិន ដែលនឹងប៉ះពាល់ដល់ស្ថិរភាពសង្គម និងមានឥទ្ធិពលអវិជ្ជមានលើបរិស្ថានសន្តិសុខរបស់ចិន។
គួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺថា លោក Wang បានអំពាវនាវឲ្យ “បង្កើតជំរុំជនភៀសខ្លួនអន្តរជាតិមួយចំនួននៅក្នុងកូរ៉េខាងជើងដើម្បីទប់ស្កាត់ជនភៀសខ្លួនកុំឲ្យចូលក្នុងប្រទេសចិន។”  ជំហរយោធារបស់លោក Wang ចំពោះសហរដ្ឋអាមេរិកត្រូវបានគេដឹងច្បាស់ ប៉ុន្តែ ការគិតថ្លឺង ថ្លែងដោយចំហរបែបនេះអំពីភាពគ្មានន័យនៃអធិបតេយ្យភាពរបស់កូរ៉េខាងជើងគឺជារឿងថ្មីមួយ។
មិនសូវគ្រោធគ្រាត និងច្រឡោតដូចលោក Wang លោក Niu Jun ដែលជាប្រវត្តិវិទូនៅ សកលវិទ្យាល័យប៉េកាំង និងជានាយករងនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិបានរិះគន់ចំៗលើកូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយទស្សនាវដ្តី Southern Window លោក Niu បាននិយាយសំរាលដល់ឥទ្ធិពលបង្កអស្ថិរភាពដែលគេបានចោទប្រកាន់ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump  លើនយោបាយការបរទេសរបស់ក្រុងវ៉ាស៊ីនតោន ចំពោះឧបទ្វីបកូរ៉េ។ ទោះយ៉ាងណា គេឃើញមានការគាំទ្ររួចទៅហើយរបស់គណបក្សនយោបាយទាំងពីរនៅក្នុងរដ្ឋសភាលើជំហរសន្តិសុខដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនៅក្នុង តំបន់ប៉ាស៊ីហ្វិក ដែលជាការណ៍ពិតមួយត្រូវបានបញ្ជាក់ច្បាស់ជាថ្មីដោយទស្សនកិច្ចរបស់លោក Mike Pence មកកាន់តំបន់នេះ។
ការដាក់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅ Guam ការរៀបចំកងកំលាំងពិសេស និងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងគឺសុទ្ធតែជាវិធីសាស្រ្ត ដែលបានប្រើប្រាស់ដោយរដ្ឋបាលមុនៗរបស់សហរដ្ឋអាមេរិក។
មានការស្តីបន្ទោសខ្លាំងលើកូរ៉េខាងជើងចំពោះវិបត្តិនុយក្លេអ៊ែរ ដែលកំពុងកើតមាន ដោយសារកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ លោក Niu បានកត់សំគាល់បន្ថែមទៀតថា សន្តិសុខរបប (ពោលគឺ ការរស់រាន និងការបន្តឧត្តមភាពនៃគ្រួសារត្រកូល គីម) គឺកាន់តែមានសារៈសំខាន់ជាងសន្តិសុខរដ្ឋនៅកូរ៉េខាងជើង។ ដូចប្រវត្តិវិទូលោក Shen Zhihua លោក Niu Jun ហាក់ដូចជាទទួលស្គាល់លទ្ធភាពដែលថាកូរ៉េខាងជើងអាចក្លាយជាសត្រូវរបស់ចិន។
លោក Niu និងលោក Shen បានរំលឹកយើងថា ការអះអាងណាមួយនៅក្នុងបណ្តាញ សារព័ត៌មានរដ្ឋចិន ដែលគត់សំគាល់ថាកូរ៉េខាងជើងគួរតែពេញចិត្តចំពោះការធានារបស់ក្រុង ប៉េកាំងលើសន្តិសុខរបស់ខ្លួនគឺមានសុទិដ្ឋិនិយមហួសហេតុ និងមិនមានលក្ខណៈប្រាកដនិយម។ ចំពោះកូរ៉េខាងជើង គ្មានការធានាសន្តិសុខនៅខាងក្រៅណាមួយធ្វើឲ្យខ្លួនពេញចិត្តនោះ ឡើយ ហើយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងបន្តទៅមុខជានិច្ច។
ពពកសង្រ្គាមបានរសាត់បាត់ទៅនៅលើឧបទ្វីបកូរ៉េ ពេលដែលក្រុងព្យុងយ៉ាងបានសម្រេចជ្រើសរើសយកការដង្ហែរក្បួនជាជាងការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីនៅថ្ងៃទី ១៥ ខែ មេសាកន្លងទៅនេះ។ ប៉ុន្តែ ពន្លឺថ្ងៃត្រូវបានបិទបាំងភ្លាមៗ ហើយនៅក្នុងការគិតគូរអំពីជម្រើស ជាយុទ្ធសាស្រ្ត និងដាក់ការស្តីបន្ទោស រដ្ឋចិននឹងធ្វើការសន្និដ្ឋានពីទស្សនៈ និងបទវិភាគនានា ដែលបង្ហាញអំពីសញ្ញាខឹងសម្បារកាន់តែខ្លាំងលើក្រុងព្យុងយ៉ាង៕
ប្រភព៖ South China Morning Post ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

No comments:

Post a Comment