Thursday, April 27, 2017

លោ​កនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រដល់​និស្សិត​សាកលវិទ្យាល័យ​ធន​ធានមនុស្ស ១,៦២៥នាក់

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលបានទទួលសញ្ញាបត្រថ្ងៃនេះរួមមាន ជំនាញវិជ្ជាជីវៈ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១៤-២០១៥ ។
នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះសាកលវិទ្យាល័យធនធានមនុស្សដែលបានប្រែក្លាយពីអង្គការក្រៅរដ្ឋាភិបាលទៅជាសាកលវិទ្យាល័យដ៏ធំមួយក្នុងប្រទេសកម្ពុជា ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ជាពិសេសសាកលវិទ្យាល័យបានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និង អគារសិក្សាជាដើម។
សូមជម្រាបផងដែរថា នេះជាលើកទី១៤ហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សាកលវិទ្យាល័យធនធានមនុស្ស។ លោកក៏បានអរគុណចំពោះសាកលវិទ្យាល័យដែលបានបង្កើតការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ក្រៅពីបរិញ្ញាបត្រ អនុបណ្ឌិត ដល់និស្សិតដែលបានប្រឡងធ្លាក់បាក់ឌុបជំនាញឯកទេសផ្សេងៗ។ ការបណ្តុះបណ្តាលធនធានមនុស្សគឺជាវិស័យអាទិភាពធំបំផុតក្នុងការអភិវឌ្ឍប្រទេស ក្នុងចំណោមវិស័យសំខាន់ៗចំនួន៤ដូចគឺ៖ ១-ធនធានមនុស្ស ២-ធនធានទឹក ៣-ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង ៤-អគ្គិសនី ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញនិងលើកទឹកចិត្តយុវជនខិតខំសិក្សារៀនសូត្រពីព្រោះចំណេះដឹងអាចឱ្យយើងងាយស្រួលក្នុងការស្វែងរការងារធ្វើ ទាំងនៅក្នុង និងនៅក្រៅប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែសម្របសម្រួលជាមួយប្រទេសមួយចំនួននៅពេលដែលបុគ្គលិក និងពលករកម្ពុជាទៅធ្វើការងារធ្វើនៅទីនោះ ដើម្បីឱ្យបានងាយស្រួល ស្របច្បាប់និងទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើន៕




No comments:

Post a Comment