Thursday, April 27, 2017

លោក គឹម សន្តិភាព៖ បុគ្គលណា​ប្រព្រឹត្ត បុគ្គល​នោះទទួល​ខុស​ត្រូវ! តុលា​ការជា​អ្នក​ស្វែងរក​ការពិត សូម​អាស៊ីសេរីកុំ​ដើរតួជា​តុលាការ!

បន្ទាប់ពីក្រុមមន្រ្តីរាជរដ្ឋាភិបាល ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ភ្លាមៗអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបន្តអះអាងលើផ្លូវច្បាប់តាមរយៈបណ្តាញព័ត៌មាន នៅថ្ងៃនេះថា បុគ្គលណាប្រព្រឹត្ត បុគ្គលនោះទទួលខុសត្រូវ ! តុលាការជាអ្នកស្វែងរក ការពិតលើកំហុសនោះ ! សូមអាស៊ីសេរីកុំដើរតួជាតុលាការ !
លោក គឹម សន្តិភាព ឲ្យដឹងយ៉ាងដូច្នេះថា «បុគ្គលណាប្រព្រឹត្តល្មើសច្បាប់ គឺជាមុខសញ្ញារបស់អ្នកអនុវត្តច្បាប់ក្នុងការស្វែងរក និងផ្តន្ទាទោសតាមច្បាប់ ! ការអនុវត្តច្បាប់ព្រហ្មទណ្ឌ គឺដើម្បីរក្សាការពារនូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយច្បាប់ព្រហ្មទណ្ឌត្រូវយកមកអនុវត្តក្នុងគ្រប់កាលៈទេសៈ រាប់ទាំងកាលៈទេសៈនៃប្រទេសដែលកំពុងរៀបចំការបោះឆ្នោតផងដែរ! ច្បាប់នេះអនុវត្ត តែទៅលើអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់តែប៉ុណ្ណោះ និងមានតែស្ថាប័នតុលាការទេ ដែលជាអ្នកស្វែងរក និងកំណត់ថាបុគ្គលណាមួយមានទោស ឬគ្មានទោសនោះ! សូមអាស៊ីសេរីកុំដើរតួជាតុលាការ»!
ការប្រតិកម្មធ្ងន់ៗរបស់ក្រសួងយុត្តិធម៌នៅពេលនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយចាត់ទុកថា វិធានការចំពោះ លោក ជុន ច័ន្ទបុត្រ ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជាគឺជារឿងហួសហេតុ។ ជាមួយគ្នានេះ វិទ្យុអាស៊ីសេរី បានចាត់ទុកថា ចំណាត់ការរបស់តុលាការ ចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា គឺជាចេតនាមួយរបស់អាជ្ញាធរក្នុងការ បំភិតបំភ័យ លោក ជុន ច័ន្ទបុត្រ និងបុគ្គលិកអាស៊ីសេរី ឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរដូវកាលបោះឆ្នោត។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ដដែលនោះ លោក គឹម សន្តិភាព បានបន្តទៀតថា «អ្នកសារព័ត៌មាន មានសិទ្ធិស្វែងរកព័ត៌មាន តែមធ្យោបាយនៃការស្វែងរកព័ត៌មាន ត្រូវតែជាមធ្យោបាយស្របច្បាប់ ! អ្នកសារព័ត៌មាន ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអាជីពវិជ្ជាជីវៈ និងចំពោះមុខច្បាប់»។ លោកបានបន្តថា យើងឃើញថា មានអ្នកសារព័ត៌ មានមួយចំនួននៅលើពិភពលោកយើងនេះ ដែលកំពុងទទួលរងបណ្តឹងចោទប្រកាន់នានាក្នុងរឿងព្រហ្មទណ្ឌ និងកំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការរាប់ទាំងកម្ពុជា ផងដែរ! ដែលនេះជារឿងធម្មតាទេ សម្រាប់ការអនុវត្តច្បាប់ក្នុងប្រទេសនីមួយៗ ទៅលើជនដែលប្រព្រឹត្តល្មើសច្បាប់នោះ! ហើយក្នុងចំណោមទណ្ឌិតដែល កំពុងអនុវត្តទោសក្នុងពន្ធនាគារ ក៏មានទណ្ឌិតដែលមានអាជីពជាអ្នកសារព័ត៌មានផងដែរ!»។
«អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធិនោះទេ! ប្រសិនប្រព្រឹត្តអំពើណាមួយខុសច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន! បុគ្គលដែលកំពុងស្ថិតក្នុងការ សង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ត្រូវស្រាយចំណងដោយខ្លួនឯងចំពោះមុខតុលាការព្រហ្មទណ្ឌ! សូមអាស៊ីសេរី កុំបំភ័ន្តសាធារណៈមតិលើរឿងនេះ!» នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក លោក គឹម សន្តិភាព។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
ចំពោះរឿងនេះ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងពន្ធនាគារ បានចោទប្រកាន់ថា ករណីនេះគឺជាការឃុបឃិតបោកបន្លំភ្នែកសមត្ថកិច្ច រវាងតំណាងរាស្រ្ត និង លោក ជុន ច័ន្ទបុត្រ ដែលបានប្រាសចាកនូវសីលធម៌ មិនអាចទទួលយកបាន។ តុលាការបានចេញដីកាកោះហៅ តំណាងរាស្រ្តទាំង២នាក់របស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយកោះហៅ លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ នាថ្ងៃទី០២ ខែឧសភា ខាងមុខនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ដោយបានបញ្ចប់ នៅវេលាម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសានេះ៕


No comments:

Post a Comment