Thursday, April 27, 2017

លោកតា សុត ជុយ អ្នកស្រុកអង្គរស្រឡាញ់ការងារជួសជុលប្រាសាទ និងចង់ឲ្យកូនចៅបន្តការងារនេះ

ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។
មានសម្បុរស្រអែម សក់លាយសច្រើនសសៃ លោកតា សុត ជុយ បច្ចុប្បន្នគឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ រយៈពេល៥ឆ្នាំមកហើយ ដែលលោកតាបានមកបំពេញការងារនៅប្រាសាទមេបុណ្យខាងលិច ក្រោយគម្រោងជួសជុលប្រាសាទបាពួន ត្រូវបានបញ្ចប់។
មានវ័យ៦១ឆ្នាំទៅហើយ តែលោកតា សុត ជុយ នៅតែមានកម្លាំងដាប់ថ្ម និងដោយភាពរហ័ស។ កំពុងដាប់ថ្មបណ្តើរ លោកតាបានរម្លឹកថា លោកធ្លាប់ធ្វើការក្នុងគម្រោងជួសជុលប្រាសាទបាពួនរយៈពេល១០ឆ្នាំ មុននឹងមកបំពេញការងារដូចគ្នានៅប្រាសាទមេបុណ្យខាងលិច។ លោកបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការងារជាកម្មករជួសជុលប្រាសាទនេះ លោកបានចេះជំនាញមួយចំនួន ដូចជា ដាប់ថ្ម ជាត់ដី និងរៀបសាបជាដើម។
មានកូន៨នាក់ក្នុងបន្ទុក លោកតា សុត ជុយ ជាអ្នកស្រុកនៅភូមិគោកចក ឃុំគោកចក ខេត្តសៀមរាប។ លោកបានឲ្យដឹងទៀតថា លោកស្រឡាញ់ការងារដែលលោកកំពុងធ្វើសព្វថ្ងៃនេះណាស់។ លោកបន្តថា ទៅថ្ងៃខាងមុខ ក្រោយពេលលោកសម្រាកទៅ លោកចង់ឲ្យកូនចៅបន្តធ្វើការងារនេះពីលោក ព្រោះការងារជួសជុលប្រាសាទធ្វើឲ្យលោកមានអារម្មណ៍ថា ហាក់កំពុងជួយខ្មែរសាងសង់ប្រាសាទឡើងយ៉ាងដូច្នេះដែរ៕










No comments:

Post a Comment