Wednesday, October 04, 2017

អ្នកនាំពាក្យរបស់គណបក្ស CPP ៖ អ្នកណាជាខ្មាំងសត្រូវរបស់ប្រជាជនកម្ពុជា ?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ដោយធ្លាប់បានឆ្លងកាត់ ប្រវត្តិ សាស្ត្រដ៏ជូរចត់ ក្នុងរយៈកាលរាប់ទសវត្សរ៍ គឺសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ ប្រជាជន កម្ពុជា បានស្គាល់ច្បាស់នូវមុខមាត់នៃអ្នកដែលនាំមក នូវសង្គ្រាម បង្កើតសង្គ្រាមនិងអំពើវិនាសកម្មផ្សេងៗ នៅកម្ពុជា ។

ដូច្នេះប្រជាជនកម្ពុជាចង់ប្រែក្លាយអ្នកបង្កើតសង្គ្រាមឱ្យទៅមិត្ត ដែលមានមនសិការភ្ញាក់រលឹកជួយកសាង និងអភិវឌ្ឈន៍កម្ពុជា ក្នុងសុខសន្តិភាពវិញ ចង់ឱ្យពួកគេបោះបង់ចោលមហិច្ឆតាចង់យារយីប្រទេសកម្ពុជា ដូចអតីតកាលទៀត ។

ផ្អែកលើសំណូមពរនេះ ពួកគេគួរតែបោះបង់ចោល ឧបាយកលចាប់យកអ្នកនយោបាយក្នុងស្រុក មកធ្វើជាអាយ៉ង ដើម្បីធ្វើសកម្មភាពរំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា លើមូលដ្ឋានគោរពឯករាជ្យភាព អធិបតេយ្យភាពជាតិកម្ពុជា ឱ្យបានជាក់ស្តែង។ យកកម្ពុជាជាមិត្តស្មើភាព ស្មើសិទ្ធិ និងគោរពគ្នាទៅវិញទៅមក ដោយស្មោះត្រង់គោរពផលប្រយោជន៍ផងគ្នា។

បើធ្វើបានដូច្នេះនោះ កម្ពុជានឹងបានសុខសន្តិភាព ស្ថេរភាព និងមានសុវត្ថិភាពនយោបាយជាក់ជាមិនខាន ឡើយ។ ប្រជាជនកម្ពុជា ចាត់ទុកអំពើ និងសកម្មភាពលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា គឺជាខ្មាំង សត្រូវរបស់ខ្លួន ដែលមិនគួរឱ្យមានដូចពីអតីតកាលឡើយ ៕


No comments:

Post a Comment