Wednesday, October 04, 2017

អភិបាលខណ្ឌដង្កោ ចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ត្រៀមបង្កាសម្រាប់ការពារទឹកជំនន់

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមបង្កាសម្រាប់ការពារទឹកជំនន់ដែលអាចកើតមានឡើងនាពេលខាងមុខ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា ចំពោះគ្រោះអាសន្ននានា និងសូមត្រៀមសម្រាប់ការបន្លាស់ប្តូរទីលំនៅមកនៅទីទួលសុវត្ថិភាព ដែលសង្កាត់បានផ្សព្វផ្សាយជូនបងប្អូន។

សូមបញ្ជាក់ថា ទីទួលសុវត្ថិភាពតាមបណ្តាសង្កាត់ដែលពាក់ព័ន្ធ នឹងទំនប់សណ្តស្ទឹងព្រែកត្នោតរួមមាន៖
១- សង្កាត់ស្ពានថ្ម ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត
២- សង្កាត់ទៀន ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត និងផ្លូវ៣៨A
៣- សង្កាត់គងនយ ទីទួលសុវត្ថិភាពនៅវត្តប្រាសាទ
៤- សង្កាត់សាក់សំពៅ ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់៧មករា និងវត្តកំពង់ក្តុល
លោកអភិបាលខណ្ឌ ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់គ្រឿងចក្រដើម្បីជួសជុលរូងនាគ ផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត និងត្រៀមសម្រាប់គ្រោះអាសន្ននានា៕





No comments:

Post a Comment