Wednesday, October 04, 2017

លោក ហ៊ុន សែន ថ្លែងថា នឹងបន្តដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពាររោងចក្រ និងការពារផលប្រយោជន៍កម្មករ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍កម្មករ-កម្មការិនី យើងបន្តទៀត លោកនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងតិច១០ឆ្នាំទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ ម៉ឺននាក់ នៅតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីដំណើរនៃការតស៊ូរំដោះប្រទេស តាំងពីភាពលំបាកលំបិនរហូតមានការរីកចម្រើនមកដល់ពេលនេះ ដោយមួយជីវិតគឺមានតែការតស៊ូរំដោះប្រទេស និងការពារបងប្អូនប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា នឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង១០ឆ្នាំ ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករ-កម្មការិនី និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ គាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេសផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃ ដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរបន្ថែមទៀត៕







No comments:

Post a Comment