Wednesday, October 04, 2017

សេចក្តីត្រូវការរបស់មនុស្សមិនចេះចប់នោះទេដូច្នេះការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតក៏មិនបញ្ចប់នោះដែរ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូលផ្លូវជាតិ លេខ៤ ដែលមកពីរោងចក្រចំនួន១០ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយសេចក្តីត្រូវការរបស់មនុស្សនៅលើលោកនេះមិនចេះចប់នោះទេដូច្នេះការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតមិនត្រូវបញ្ចប់នោះឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរម្លឹកផងដែរថា ក្នុងឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារ ក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះគឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយមិនធ្លាប់មានទេពីមុនមក។ នេះដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងកម្មករ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់រវាងពី ១៦០-១៧០ ដុល្លារ បូកនឹងប្រាក់អត្ថប្រ​យោ​ជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងការ​ខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ]៖ ដែលតែងតែព្យា​យា​មរារាំងមិនឱ្យកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១- កុំផ្តល់ជំនួយឱ្យប្រទេសកម្ពុជា ទី២- កុំមកវិនិយោគនៅកម្ពុជា និង ទី៣- កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិដែលបំផ្លាញផលប្រយោជន៍កម្មករ ដែលផ្ទុយស្រឡះពីការខិតខំរបស់លោកក្នុងការខិតខំស្នើសុំឱ្យបរទេសជួយដូចជា [៣-សុំ]៖ គឺ១- សុំឱ្យបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២- សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និង ៣- សុំឱ្យបរទេសជួយទិញទំនិញពីកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ទៅកាន់កម្មករកម្មការិនីថាកុំឱ្យរំពឹងលើបាតដៃបក្សប្រឆាំង ព្រោះពួកគេមិនបានធ្វើអ្វីក្រៅតែពីការបំផ្លាញនោះឡើយ។ លោក ក៏បានអំពាវនាវដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនាពេលបច្ចុប្បន្ន ព្រោះបើគ្មានសុខសន្តិភាពគ្មាន ការអភិវឌ្ឍន៍នោះឡើយ៕





No comments:

Post a Comment