Wednesday, October 04, 2017

ប្រជាពលរដ្ឋ២ភូមិនៃខេត្តស្វាយរៀង ត្រូវបានជម្លៀសទៅកាន់​កន្លែងមាន​សុវត្ថិភាព​ ខណៈក្រុមការងារ​ជំនាញ​កំពុងប្រតិបត្តិការ​ដោះគ្រាប់​បែកគីមី​

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូដែលមានការចូលរួមពីលោកស្រី ដួង វណ្ណា លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ចំនួន០២ភូមិ គឺភូមិត្រពំាងស្គន់ និងភូមិគគីរ ដែលមានពលរដ្ឋសរុបចំនួន២១៤គ្រួសារ ស្មើនឹង៨៥៦នាក់ ដែលត្រូវជម្លៀសចេញពីលំនៅដ្ឋានមកកាន់ទីកន្លែងមានសុវត្ថិភាព ខណៈពេលក្រុមការងារជំនាញកំពុងប្រតិបត្តិការដើម្បីដោះគ្រាប់ B៥២ ដែលជាគ្រាប់គីមីដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងពិធីនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទាំង២១៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានមី១កេស ថវិកា ៣០.០០០រៀល។ ឧបត្ថម្ភបងប្អូនពិការចំនួន០២នាក់ ម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងម្នាក់ទៀតទទួលបានថវិកា ២០០,០០០រៀល។

សូមបញ្ជាក់ថា នៅថ្ងៃទី0៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារសហប្រតិបត្តិការបោសសម្អាតគ្រាប់បែកគីមីសាស្រ្ត (CS) នៅទីតាំងវត្តគគីរ ស្ថិតនៅភូមិគគីរ ស្រុករមាសហែក បានរៀបចំទីតាំងសុវត្ថិភាពបណ្តោះអាសន្នជូនប្រជាពលរដ្ឋនៅចំណុចខ្នាច់ធ្លក ស្ថិតនៅឃុំគគីរ ចម្ងាយពីចំណុចប្រតិបត្តិការប្រមាណជាង ១.៥០០ម៉ែត្រ៕





No comments:

Post a Comment