Wednesday, October 04, 2017

បណ្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ របស់ប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានដាក់ទៅក្រសួងមហាផ្ទៃនៅព្រឹកនេះ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យ បណ្តឹង ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃហើយ។ នៅក្នុងពាក្យបណ្តឹងរបស់ គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃ ចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បី រំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្ស សង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។

ក្រោយពីមានការបែកធ្លាយជាសាធារណៈនូវវីដេអូឃ្លីបរបស់លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយ ដោយ ព័ត៌មាន CBN (Cambodian Broadcasting Network) មានទីតាំងនៅប្រទេសអូស្ត្រាលី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាននគរបាលចាប់ខ្លួន និងត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ ពីបទ សន្ទិដ្ឋភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះជាបទល្មើសក្បត់ជាតិ។

យោងតាមវីដេអូឃ្លីបលោក កឹម សុខា បានរៀបរាប់អំពីផែនការប្រព្រឹត្តអំពើក្បត់ជាតិរបស់ខ្លួន ដែលបាន ឃុប ឃិត និងធ្វើតាមបញ្ជារបស់បរទេស។ លោក កឹម សុខា បាននិយាយដោយមោទនភាពថា ផែនការ អំពើក្បត់ ជាតិនេះ ត្រូវបានរៀបចំឡើងជាមួយបរទេសចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលពេលនោះលោក កឹម សុខា ជា តំណាងរាស្ត្រ។ រូបលោកត្រូវបានបរទេសហៅទៅបំពាក់បំប៉នយុទ្ធសាស្ត្រនៅប្រទេសរបស់គេ មួយឆ្នាំម្តងៗ និងត្រូវបានរៀបចំឱ្យដកខ្លួនពីឆាកនយោបាយ ដោយលាឈប់ពីគណបក្សនយោបាយ នៅឆ្នាំ២០០២ ដើម្បី ទៅបង្កើតអង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ជាសកម្មភាព បន្ទាប់ នៅឆ្នាំ ២០០៧ លោក កឹម សុខា ត្រូវបានឱ្យវិលត្រឡប់ចូលនយោបាយវិញ ដោយបង្កើត គណបក្ស សិទ្ធិមនុស្ស ហើយបន្ទាប់មកបានបន្តបញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ជាគណបក្សតែមួយ គឺគណបក្ស សង្គ្រោះជាតិ។ នេះសបញ្ជាក់ឱ្យឃើញថា ការបង្កើតគណបក្សសង្គ្រោះជាតិ មិនមែនជារឿងចៃដន្យឡើយ ពោលគឺ អាចជា ផែនការមួយ ដែលត្រូវបានរៀបចំដោយមានយុទ្ធសាស្ត្រច្បាស់លាស់ពាក់ព័ន្ធ និងការអនុវត្ត តាមការបង្គាប់ បញ្ជារបស់បរទេស។

តាមរយៈសម្តីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ បានធ្វើការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលដៅធ្វើបដិវត្តពណ៌ ដោយយកម៉ូឌែលតាមប្រទេសយូហ្គោលស្លាវី និងសឺប៊ី។ ជាក់ស្តែង សកម្មភាពកន្លងមក របស់គណបក្ស សង្គ្រោះជាតិ ជាពិសេសសកម្មភាពនានានៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣ ដែល តែងតែរៀបចំដឹកនាំមហាបាតុកម្មច្រើនលើកច្រើនសា រហូតដល់រៀបចំឱ្យមានព្រឹត្តិ ការណ៍បង្កអំពើ ហិង្សានៅ ច្រើនកន្លែង ដូចជា ចំណុចក្បាលថ្នល់ នៅផ្លូវវ៉េងស្រេង និងនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ដែលបានធ្វើ ឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបាត់បង់ជីវិតមនុស្សមួយចំនួន ដោយយកការចោទប្រកាន់ពី ភាពមិនប្រក្រតីនៃការបោះឆ្នោតធ្វើជាលេស ក្នុងចេតនាអនុវត្តនូវផែនការសកម្មភាពដូចដែលលោក កឹម សុខា បាននិយាយនៅក្នុងវីដេអូឃ្លីប។

សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធ នឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយ យកគំរូពីប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះ លេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់ សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាព កាលពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀប ចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ី ៕



No comments:

Post a Comment