Wednesday, October 04, 2017

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបពិភាក្សាតាមដានខ្លឹមសារអនុសាសន៍ICC-Angkorនៃ​កិច្ចប្រជុំ​បច្ចេក​ទេស​លើកទី២៨

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ​អង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨​របស់ខ្លួន កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌល​អាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់នូវអនុសាសន៍ជាច្រើនដល់គម្រោងនានា ដែលកំពុង​អនុវត្តកិច្ច​ការរបស់ខ្លួននៅក្នុងរមណីយដ្ឋានអង្គរ។

ដើម្បីតាមដានខ្លឹមសារនៃអនុសាសន៍ និងដាក់ជូនក្រុមមន្ត្រីជំនាញយកទៅ​កែសម្រួលលើ​គម្រោង​ដែលបាន​អនុវត្តកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធទាំងអស់។

ការតាមដានខ្លឹមសារអនុសាសន៍នៃគណៈកម្មាធិការICC-Angkor នេះគឺដើម្បីប្រាកដថា មន្ត្រី​ជំនាញ​ដែលទទួលបន្ទុកគម្រោងនីមួយៗបានយល់ច្បាស់ពីខ្លឹមសារនៃអនុសាសន៍ និងបានកែស​ម្រួលគម្រោងរបស់ខ្លួនទទួលបានប្រសិទ្ធភាពកម្រិតណា និងត្រៀមខ្លួនរាយការណ៍ជូន​ការវិវត្ត​នៃ​គម្រោង​ដល់គណៈកម្មាធិការនេះ នាកិច្ចប្រជុំពេញអង្គដែលនឹង​ចូលមកដល់​នៅពាក់កណ្តាល​ខែធ្នូខាងមុខ។

នេះជាសកម្មភាពយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន​អង្គរ​របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួលជាមួយគណៈកម្មាធិការ ICC-Angkor ដើម្បីធ្វើឲ្យបេតិកភណ្ឌអង្គរអាចគង់វង្សជានិរន្តរ៍៕





No comments:

Post a Comment