Wednesday, October 04, 2017

លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅអាមេរិក ប្រុងប្រយ័ត្នក្រោយមានករណីបាញ់ប្រហារដ៏ព្រៃផ្សៃ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ក្រោយពីមានករណីបាញ់ប្រហារសម្លាប់មនុស្ស៥៩នាក់ និងរបួសជាង៥០០នាក់ នៅឡាវេហ្គាស សហរដ្ឋអាមេរិក។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការបាញ់ប្រហារនៅទីក្រុងឡាវេហ្គាស ហាក់ជាដូចជាការចំអកឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលធ្លាប់បានអំពាវនាវឱ្យពលរដ្ឋខ្លួននៅកម្ពុជា មានការប្រុងប្រយ័ត្នពីសុវត្ថិភាព កាលពីមុនពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ តែទីបំផុតរឿងរ៉ាវនោះ មិនបានកើតឡើងនៅកម្ពុជាទេ បែរជាបានកើតនៅអាមេរិកទៅវិញ។ លោក ក៏បានប្រកាសថ្កោលទោសចំពោះការបាញ់ប្រហារដ៏ឃោរឃៅនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅលើទឹកដីអាមេរិកត្រូវមានការប្រុងប្រយ័ត្ន អំពីសុវត្ថិភាពក្រោយពីមានអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គឺមានការសោកស្តាយ និងសូមចូលរួមជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិករំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ នៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់៕








No comments:

Post a Comment