Wednesday, October 04, 2017

លោក Trump ធ្វើ​ដំណើរ​ទៅ​កាន់តំបន់​អាស៊ី៖ តើ​ការ​ងារ​បន្ទាន់​អ្វី​ខ្លះដែល​ត្រូវ​ធ្វើ?

សេត​វិ​មាន​បាន​បញ្ជាក់​ថា ប្រ​ធា​នា​ធិប​តី​អា​មេ​រិក Donald Trump គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ដ៏​ធំជា​លើក​ទី​៣ របស់​គាត់​ទៅ​ក្រៅ​ប្រ​ទេស​។ នៅ​​ពេល​នេះ គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អា​ស៊ី​សម្រាប់​កិច្ច​ប្រ​ជុំ​កំពូល​នៅ​ខែ​វិ​ច្ឆិ​កា បន្ថែម​ពី​លើ​កិច្ច​ប្រ​ជុំ​ទ្វេ​ភាគី​ដ៏​តាន​តឹង​មួយ​ចំនួន​ទៀត​ជា​មួយ​នឹង​មេ​ដឹក​នាំ​​សម្ព័ន្ធ​មិត្ត​ ដែល​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោល​នយោ​បាយ​​​របស់​អា​មេ​រិក​ចំពោះ​ឧ​ប​ទ្វីប​កូរ៉េ។

ចាប់​ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិ​កា លោក Trump នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់ប្រ​ទេស​ជប៉ុន កូរ៉េ​ខាង​ជើង ចិន វៀតណាម ហ្វី​លីពីន និង​ឈប់​សំចត​នៅ​កោះ​ហាវ៉ៃតាម​ផ្លូវ​ដែល​គាត់​ត្រឡប់​មកវិញ។ នៅ​ទ្វីប​អា​ស៊ី ក្រៅ​ពី​កិច្ច​ប្រ​ជុំ​ទ្វេ​​ភាគី​របស់​គាត់ លោក Trump នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ APEC ព្រម​ជា​មួយ​នឹង​កិច្ច​ប្រ​ជុំ​កំពូល​អា​ស៊ានផង​ដែរ។

របៀប​វា​រៈ​នៅ​ក្នុង​ទ្វីប​អាស៊ី តាម​ការ​លើក​ឡើង​របស់​សេត​វិ​មាន​ គឺ​មាន​លក្ខណៈសាមញ្ញ​ណាស់ ដែល​​សង្កត់​ធ្ងន់​ទៅ​លើ​អា​ទិ​ភាពរបស់​រដ្ឋ​ការ​នេះ ​ដែល​គិតផល​ប្រ​យោ​ជន៍​អា​មេ​រិកមុន​គេ​ស្តី​ពី​ពាណិជ្ជ​កម្ម និងទទួល​បាន​នូវ​​ការ​ធានា​អះ​អាង​​ពី​បណ្តា​មេ​ដឹក​នាំ​តំបន់​ដែល​ថា ពួក​គេ​នឹងគ្រប់​គ្រង​ស្ថាន​ការ​ណ៍​លើកូរ៉េ​ខាង​ជើង។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​អ្វី​មួយ​ដែល​សាមញ្ញ។ ហើយ​កិច្ច​ការ​ដ៏​សំខាន់​សម្រាប់​ទស្ស​ន​កិច្ច​របស់​លោក Trump នឹង​ធានា​ដល់​ប្រ​ទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​នូវ​យុទ្ធ​សាស្រ្ត​ស្អិត​រមួត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កម្ម​វិធី​មីស៊ីល​បាញ់​ឆ្លង​ទ្វីប និង​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ហើយក៏ធានា​ឱ្យ​ពួក​គេ​ផង​ដែរ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់អា​មេ​រិក។

នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល និង​ទី​ក្រុង​ត្យូ​ក្យូ លោក Trump នឹងត្រូវ​តែ​​ធ្វើ​ឱ្យ​ប្រា​កដ​​​ចំពោះ​ខ្លួន​ឯង។ ដូ​ច​ដែល​យើង​បាន​ឃើញ​តាម​រយៈ​សុន្ទរ​​កថា​របស់​គាត់​នា​ដើម​ឆ្នាំ​នេះ​ទៅ​កាន់​មេ​ដឹក​នាំ​អង្គ​ការ​ NATO ដែល​ថា ​នេះប្រ​ហែល​ជា​​មិន​មែន​ជា​កិច្ច​ការ​ដែល​ងាយ​ស្រួល​នោះ​ទេ។

នៅ​ក្នុង​ប្រ​ទេស​ចិន​ លោក Trump នឹង​មាន​កិច្ច​ការ​លំបាក​ផង​ដែរ​ក្នុង​ការ​គ្រប់​គ្រង​ទំនាក់​ទំនង​ទ្វេ​ភាគីដែល​បាន​សេស​សល់​យ៉ាង​ច្រើន​ ក្រោយ​ពី​កិច្ច​ប្រ​ជុំ​នៅ​រម​ណី​ដ្ឋាន Mar-a-Lago កាល​ពី​ខែ​មេ​សារវាង​គាត់ និង​ប្រ​ធា​នា​ធិប​តី​ចិន Xi Jinping។

នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម និង​ហ្វី​លីពីន លោក Trump នឹង​មាន​កិច្ច​ការ​លំបាកពីរផ្សេងៗ​គ្នា​ផង​ដែរ។ នៅ​ក្នុង​ទី​ក្រុង​ហា​ណូយ គាត់​​ចាំបាច់​ត្រូវ​តែ​រក្សា​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូអា​មេ​រិក​ដ៏​សំខាន់​ ដែល​ត្រូវ​បាន​ពន្លឿន​យ៉ាង​ខ្លាំងដោយ​រដ្ឋការ​របស់​លោក Obama កាល​ពី​ឆ្នាំ​មុន។ ទោះ​បី​ជាវៀត​ណាម​មានការ​​ខក​ចិត្ត​​ពី​ភាព​បរា​ជ័យនៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម TPP ជា​មួយ​នឹង​អាមេ​រិក​ក៏​ដោយ ក៏​ទី​ក្រុង​ហាណូយ​នឹង​ស្វះ​ស្វែង​ដើម្បី​រក្សា​នូវ​កម្លាំង​ចលករ​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​ទី​ក្រុង​វ៉ា​ស៊ីន​តោន។

នៅ​ក្នុងទី​ក្រុង​​ម៉ានីល លោក Trump នឹង​ជួប​ទល់​មុខ​គ្នា​ជា​មួយ​នឹង​ប្រ​ធា​នា​ធិបតី Rodrigo Duterte ផង​ដែរ ហើយ​ស្វះ​ស្វែង​ដើម្បី​បន្ត​​ការ​គាំទ្រ​​របស់​អាមេ​រិក​ចំពោះ​ការ​ប្រ​យុទ្ធ​​របស់​ហ្វី​លីពីនប្រ​ឆាំង​នឹង​កង​ជីវ​ពល​អ៊ី​ស្លាម​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​នេះ៕

​ប្រភព៖ The Diplomat ចុះថ្ងៃទី០៣ ខែ​​​​​​តុ​លា​​​ ឆ្នាំ២០១៧


No comments:

Post a Comment