Wednesday, October 04, 2017

យុវជនស្វែងយល់ពីការដុតសំរាមលើទីវាល ដែលប៉ះពាល់បរិស្ថាន និងសុខភាពមនុស្ស

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ សាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់ មកពីសាកលវិទ្យាល័យមួយចំនួន ជាពិសេសក្រុមយុវជនវាគ្មិននៃ “វេទិការយុវជនឆ្នើមជជែកពិភាក្សាបញ្ហាបរិស្ថានឆ្នាំ២០១៧” បានចូលរួមស្វែងយល់ពីមន្រ្តីជំនាញក្រសួងបរិស្ថាន ក្នុងការផ្សព្វផ្សាយស្តីពីផលប៉ះពាល់ ពីការដុតសំរាមនលើទីវាល ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស និងវិធានការណ៍ដោះស្រាយ។

លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឲ្យដឹងថា ទម្លាប់នៃការដុតសំណល់នៅទីវាលលំហគួរត្រូវបញ្ឈប់។
លោកស្រីបានបញ្ជាក់ថា គោលបំណងនៃវេទិកានាពេលនេះ ជំរុញឲ្យសិស្ស និស្សិត បានយល់ដឹង ពីសារសំខាន់នៃការគ្រប់គ្រងសារធាតុគីមី និងសំណល់នៃសារធាតុគីមី ប្រកបដោយសុវត្ថិភាព ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញសំណល់សារធាតុគីមី ការទុកដាក់សំណល់សារធាតុគីមី តាមបទដ្ឋានបច្ចេកទេស និងប្រើប្រាស់សារធាតុគីមី និងផលិតផល ដែលមានផ្ទុកសារធាតុគីមីបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា ទៅលើបរិស្ថាន និងសុខមាលភាពមនុស្ស។

គួរបញ្ចាក់ថា ការចូលរួមសិក្ខាសាលានាថ្ងៃនេះ មានសាស្រ្តាចារ្យ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមានសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង។ ក្រសួងបរិស្ថានរៀបចំពិធីនេះឡើងដើម្បី ពង្រឹងចំណេះដឹងបន្ថែមដល់យុវជន នៅតាមសាកលវិទ្យាល័យនានា ដែលជាវាគ្មិនក្នុងវេទិកាយុវជនឆ្នើម ជជែកពិភាក្សាបញ្ហាបរិស្ថានឆ្នាំ២០១៧ លេីព័ត៌មានទាក់ទងនឹងបញ្ហាបរិស្ថាន និងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ស្តីពីពីការគ្រប់គ្រងសំណល់ ក៏ដូចជាផលប៉ះពាល់របស់វា ទៅលើសុខភាពមនុស្ស និងបរិស្ថាន៕



No comments:

Post a Comment