Wednesday, October 04, 2017

ការគិត​ដល់រឿងមិនគួរគិតដល់នៅក្នុងប្រទេសចិន គឺបោះបង់កូរ៉េខាងជើង

កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយចិនទៅ​ដល់​ចំណុច​មួយដែលថា ទីក្រុងប៉េកាំងកំពុងអនុញ្ញាតឱ្យរឿងដែលមិនគួរគិតដល់ ត្រូវលើក​យក​មក​ពិភាក្សា។ តើចិនដល់ពេលត្រៀមខ្លួនសម្រាប់ការដួលរលំនៃរបបនៅកូរ៉េខាងជើងមែនទេ?

ខណៈពេលដែលគោលបំណងរបស់ចិនគឺនាំយកទីក្រុង Washington និងទីក្រុង Pyongyang មកតុចរចានោះ មន្រ្តីចិនក៏អនុញ្ញាតមានការជជែកវែកញែកអំពីយថាហេតុ ក្នុងករណីដែលសង្គ្រាមផ្ទុះឡើងផងដែរ ជាពិសេសនៅតំបន់ព្រំដែនភាគឦសានរបស់ខ្លួន។

អ្នកសង្កេតការណ៍និយាយថា ការជជែកជាសាធារណៈប្រហែលជាយុទ្ធសាស្រ្តមួយដើម្បីព្យា​យាម និងបង្ខំទីក្រុង Pyongyang ឱ្យគិតគូឡើងវិញអំពីកម្មវិធីអាវុធរបស់ខ្លួន ជាពិសេសមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យចិនមានការខឹងសម្បារជាខ្លាំង។

លោក Jia Qingguo ព្រឹទ្ធបុរសនៃសាលាសិក្សាស្រាវជ្រាវអន្តរជាតិនៃសាកវិទ្យាល័យ Peking​ បានសម្តែងនូវការភ្ញាក់ផ្អើល នៅពេលដែលគាត់ចេញផ្សាយអត្ថបទមួយដែលមានចំ​ណងជើងថា “ពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់មហន្តរាយនៅកូរ៉េខាងជើង។”

អត្ថបទនោះត្រូវបានចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងសារព័ត៌មាន East Asia Forum ក៏ប៉ុន្តែ វាមិនទំនងជាងថា គាត់អាចចេញផ្សាយអត្ថបទនោះ ដោយពុំមានការអនុញ្ញាតពី​អាជ្ញាធរ​ចិន​នោះទេ។

លោក Jia បានជំរុញទីក្រុងប៉េកាំងឱ្យចាប់ផ្តើមពិភាក្សាអំពីផែនការបម្រុងទុកមួយជាមួយអា​មេរិក និងកូរ៉េខាងត្បូង ដែលជាផែនការមួយដែលប្រទេសទាំងពីរនេះ បានស្វែងរកកាលពីអតីតកាល ក៏ប៉ុន្តែ ចិនបានប្រឆាំង ដោយព្រួយបារម្ភថា នឹងធ្វើឱ្យទីក្រុង Pyongyang មានការខកចិត្ត។

គាត់បន្តថា នៅពេលដែលសង្រ្គាមក្លាយជាការពិតនោះ ចិនត្រូវតែត្រៀមខ្លួន។ ចិនត្រូវតែមានឆន្ទៈកាន់តែខ្លាំងក្នុងការពិភាក្សាជាមួយប្រទេសពាក់ព័ន្ធអំពីផែនការបម្រុងទុកនេះ”។

គាត់បន្តទៀតថា ទីក្រុងប៉េកាំងអាចពិភាក្សាថា តើអ្នកណាជាអ្នកគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងអាមេរិក និងចិន។

ដើម្បីការពារលំហូរចូលនៃជនភៀសខ្លួនឆ្លងកាត់ព្រំដែន ចិនអាចបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់កូរ៉េខាងជើងដើម្បីបង្កើត “តំបន់សុវត្ថិភាពមួយ”។

គាត់លើកឡើងទៀតថា បញ្ហាមួយផ្សេងទៀត គឺថា តើនរណាជាអ្នក “ស្ថារសណ្តាប់ធ្នាប់ក្នុងស្រុកនៅកូរ៉េខាងជើង ក្នុងករណីសង្រ្គាមផ្ទុះឡើង”។ ចិននឹងមិនអនុញ្ញាតឱ្យកងទ័ពអាមេរិកឆ្លងកាត់ខ្សែស្របទី ៣៨ ចូលទៅក្នុងកូរ៉េខាងជើងទេ។

អ្នកការទូតប្រទេសលោកខាងលិចបាននិយាយថា កិច្ចពិភាក្សាអំពីការបញ្ចប់របបនៅកូរ៉េខាងជើង អាចមានគោលបំណងបំភ័យលោក Kim Jong-Un ហើយលួងលោមលោក Trump មុន​​ពេលមេដឹកនាំអាមេរិកធ្វើដំណើរមកទីក្រុងប៉េកាំងនៅខែវិច្ឆិកាខាងមុខនេះ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានជួបជាមួយប្រធានាធិបតី Xi Jingping និងអ្នកការទូតចិនកំពូលៗនៅទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។

ជាយូរមកហើយ ចិនបានគាំទ្រកូរ៉េខាងជើង ពីព្រោះកូរ៉េខាងជើងគឺតំបន់រណបពីកងទ័ពអា​មេរិក ដែលបោះទីតាំងនៅកូរ៉េខាងត្បូង ក៏ប៉ុន្តែ លោក Barthelemy Courmont អ្នកជំនា​ញ​ចិននៅឯវិទ្យាស្ថានយុទ្ធសាស្រ្ត និងទំនាក់ទំនងអន្តរជាតិនៅទីក្រុងប៉ារីសបាននិយាយថា ការ​ដួល​រលំរបស់ទីក្រុង Pyongyang អាចជារឿងល្អសម្រាប់ទីក្រុងប៉េកាំង ជាពិសេស សេដ្ឋកិច្ច។

ប្រសិនបើកូរ៉េខាងជើង ដួលរលំដោយសន្តិវិធី ចិននឹងមានតួនាទីល្អបំផុតសម្រាប់ការស្ថារឡើងកូរ៉េខាងជើងឡើងវិញ។ ចិនគឺជាប្រទេសតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រងការស្ថារកូរ៉េខាងជើងឡើងវិញ។”

លោក Deng Yuwen បាននិយាយនៅក្នុងអត្ថបទមួយ ដែលចេញផ្សាយដោយវិទ្យាស្ថានអ្នកសិក្សាស្រាវជ្រាវ Charhar ថា “ប្រសិនបើកូរ៉េទាំងពីររួបរួមគ្នា នោះនឹងមិនចាំបាច់មានវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងនោះទេ​ ហើយប្រជាជនកូរ៉េខាងត្បូងនឹងមិនអនុញ្ញាតឱ្យពួកគេស្នាក់នៅផងដែរ”។

ជាងនេះទៅទៀត គាត់បន្តថា កូរ៉េខាងត្បូងមិនយូរទេនឹងមិនត្រូវការប្រព័​ន្ធការពារមីស៊ីល THAAD របស់អាមេរិកដែរ។ ការដាក់ពង្រាយនៃប្រព័ន្ធការពារមីស៊ីលនេះ បានប៉ះពាល់ដល់ទីក្រុងប៉េកាំង ពីព្រោះ មានការព្រួយបារម្ភថា កម្លាំងរ៉ាដារបស់វា អាចចាប់យកព័ត៌មានកាន់ជ្រៅនៅក្នុងប្រទេសចិន និងធ្វើឱ្យតំបន់អស្ថិរភាព។​

ក៏ប៉ុន្តែ ការផ្តួលរលំទីក្រុង Pyongyang គឺមិនជារឿងធម្មតាទេ។ បញ្ហានោះគឺថា តើអ្នកកាត់ខ្សែពួរនេះដោយរបៀបណា ពីព្រោះគ្មាននរណាដឹងថា កូរ៉េខាងជើងនឹងធ្វើអ្វីនោះទេ”៕

ប្រភព៖ AFP ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧




No comments:

Post a Comment