Thursday, July 13, 2017

រដ្ឋបាលខេត្តប៉ៃលិន ដុតកម្ទេចគ្រឿងញៀន ប្រភេទ WY ១៦០គ្រាប់ និងម៉ាទឹកកក ៧កញ្ចប់

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅបរិវេណវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង  រដ្ឋបាលខេត្តប៉ៃលិន បានដុតកម្ទេចគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន WY ចំនួន ១៦០គ្រាប់ និងប្រភេទ ម៉ាទឹកកក ចំនួន ៣កញ្ចប់ធំ និង ០៤ កញ្ចប់តូច។
លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា គ្រឿងញៀន គឺបាន​ធ្វើឱ្យប៉ះពាល់ និងអន្តរាយដល់សុខភាព ខូចខាតទ្រព្យ​សម្បត្តិ ងាយឆ្លងមេរោគអេដស៌ និងកើតមាន​អំពើ​ហិង្សា​ផ្សេងៗ នៅក្នុងសង្គមគ្រួសារ ហើយបច្ចុប្បន្ននេះ សកម្មភាពការចរាចរ និងចែកចាយគ្រឿងញៀន​នៅ​ខេត្តប៉ៃលិន នៅតែកើតមានឡើងក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ដែលឈានទៅដល់​ការ​​បាត់​បង់ធនធានមនុស្ស ប៉ះ​ពាល់ធ្ងន់ធ្ងរដល់​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍​ប្រទេសជាតិ។
លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀនបានបន្សល់ទុកនូវក្តី​កង្វល់ ដល់សហគមន៍ គ្រួសារ អា​ណា​ព្យាបាល ដែលមានកូន ចៅរងគ្រោះដោយសារគ្រឿងញៀន ដូច្នេះ​ទាមទាឱ្យមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ចពាក់ព័ន្ធ។ លោក សៅ សារ៉ាត់ បានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយចាត់​វិធាន​ការ​ទប់ស្កាត់ និង​រួមគ្នាបញ្ចៀសគ្រឿងញៀនអោយផុតពីសហគមន៍យើង ហើយវិធានការនោះគឺការផ្សព្វ​ផ្សាយនិងលើកកំពស់ ការយល់ ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក សោ សុវណ្ណ នាយករងរដ្ឋ​បាល​ខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិន នៅឆមាសទី១ ឆ្នាំ២០១៧​នេះ គឿងញៀនគឺ មានសភាពកើនឡើងជាងឆ្នាំមុន ដោយធ្វើ​ការ​បង្ក្រាប​ការ​​ជួញ​ដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់ចំនួន ៣៩លើក ឃាត់ខ្លួនជន​សង្ស័យបាន៨៦នាក់ ស្រី០៨នាក់ បើប្រៀបធៀប ក្នុងឆ្នាំ២០១៦​ មាន២៧លើក ដោយដកហូតបាន​គ្រឿង​ញៀន​ម្សៅម៉ាទឹកកក​បានចំនួន ១០៩​កញ្ចប់ ស្មើនឹង២២៦,៥២​ក្រាម និង២៤កញ្ចប់តូច ថ្នាំយ៉ាម៉ាប្រភេទ wy ចំនួន​៨៧៦គ្រាប់ ស្មើនឹង៨៦,៧៤ក្រាម រថយន្ត១​គ្រឿង ម៉ូតូ៨គ្រឿង ជញ្ជីងសម្រាប់ថ្លឹង​គ្រឿង​ញៀន​០៦​គ្រឿង ទូស័ព្ទដៃចំនួន ២៦គ្រឿង ស្នាប់ដៃចំនួន០២ ដាវចំនួន ០២ ដាវសាម៉ូរៃ​ចំនួន ​០២ដើម កញ្ឆាក្រៀមចំនួន ០៣​ដើម ​ស្រស់​​៨៦ដើម បំពង់សម្រាប់ជក់កញ្ឆាចំនួន ០២ ជ្រុញហាន់កញ្ឆាចំនួន ០១ កាំបិត០១ ប្រាក់ចំនួន ៩៤០០រៀល ប្រាក់ថៃ ៤០បាត ព្រមទាំងសម្ភារៈសម្រាប់ជក់ និងថង់សម្រាប់​វេចខ្ចប់មួយចំនួនទៀត៕











No comments:

Post a Comment