Thursday, July 13, 2017

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាននាំមកនូវ លទ្ធផល៦ចំណុចសំខាន់ៗ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅមីម៉ាន់ម៉ា


ក្នុងដំណើរទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២១០៧ តបតាមការអញ្ជើញរបស់លោកស្រី អង់ សានស៊ូជី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា  លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បាននាំមកនូវលទ្ធផលសំខាន់ៗ៦ចំណុច នៅក្នុងជំនួបរវាងរដ្ឋមន្រ្តី ការបរទេសទាំងពីរ  ដោយភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា ដូចខាងក្រោម៖
១-រៀបចំចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការពិគ្រោះយោបល់នយោបាយ រវាងក្រសួង​ការបរទេស​​​នៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនារវាងប្រទេសទាំងពីរ ក្នុងការ​សម្រប​សម្រួលបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។
២-រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ ដែលជាប្រយោជន៍រួមរបស់កម្ពុជា និងមីយ៉ាន់ម៉ា ។
៣-ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តការវិនិយោគ សហគ្រាស ធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម។ ក្នុងទិសដៅនេះ  លោកទេស​រដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើរដ្ឋាភិបាលមីយ៉ាន់ម៉ា ពន្លឿនការចរចាលើកិច្ចព្រមព្រៀង​ស្តីពីការជៀស​វាង​ការយកពន្ធត្រួតគ្នា និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៣០  ដែលកំពុងវិនិយោគនៅមីយ៉ាន់ម៉ា ភាគច្រើន លើវិស័យសេវាកម្ម និងធនាគារ ហើយមីយ៉ាន់ម៉ា ក៏មានក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងធុរកិច្ច ចំនួន០៣ កំពុងដំណើរការនៅកម្ពុជាផងដែរ។
៤-ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈ​ការអនុវត្តកិច្ចព្រមព្រៀង និងផែនការសកម្មភាពទេសចរណ៍ រវាងប្រទេសទាំងពីរ ការរៀបចំ​ដំណើរ​ទេសចរណ៍ជាកញ្ចប់ (សៀមរាប-បាហ្គាន) និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្សេងៗ ព្រមទាំង​សហការគ្នារិះរកសក្តានុពលភាពបន្ថែមទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៃប្រទេសទាំងពីរ។
៥-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍​លើមុខ​ជំនាញ​សិល្បៈ របាំប្រពៃណី  តម្បាញ និងម្ហូបអាហារ ជាដើម។
៦-លើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច​សិក្សា​របស់​យុវជន  និងសិស្ស-និស្សិត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ វិស័យអប់រំ​សម្រាប់រយៈពេលពីឆ្នាំ២០១៧ ដល់ ២០២១ ដែលត្រូវបានចុះហត្ថលេខា​ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែលកំពុងកើតមាន នៅក្នុងតំបន់ និងអន្តរជាតិ ដូចជាវិបត្តិនៅ​ឧបទ្វីប​កូរ៉េ និងបញ្ហាភេរវកម្ម និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និង​អន្តរជាតិ ចំពោះបញ្ហាដែលមានប្រយោជន៍ និងកង្វល់រួម។ ការពិភាក្សានេះ ​បានប្រព្រឹត្តទៅ​ក្នុង​ស្មារតី​ដោយត្រង់ទៅត្រង់មក និងស្ថិតនៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព៕








No comments:

Post a Comment