Thursday, July 13, 2017

ហេតុអ្វីចិនបង្កើតមូលដ្ឋានយោធានៅអាហ្វ្រិក?

ប្រទេសចិនកំពុងបង្កើតមូលដ្ឋាន នៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសអាហ្វ្រិកខាងកើត ដោយបន្តអះអាងថា ខ្លួនជាមហាអំណាចយោធាសកលលោក។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា កងទ័ពរបស់ខ្លួនដែលនឹងត្រូវដាក់ពង្រាយនៅប្រទេស Djibouti ដែលប្រទេសនោះស្ថិតនៅភាគខាងកើតឈៀងខាងជើងប្រទេសអាហ្រ្វិកនឹងធ្វើសមយុទ្ធកងទ័ពជើងទឹក បំពេញបេសកកម្មថែរក្សាសន្តិភាព និងមនុស្សធម៌។
ដោយសារប្រទេស Djibouti មានព្រំប្រទល់ជាប់ឈូងសមុទ្រ Aden ជាកន្លែងដែលមានអំពើចោរសមុទ្របានរីករាលដាល ហើយមូលដ្ឋាននេះក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ «ការរួមគ្នារក្សាសន្តិសុខនៃផ្លូវសមុទ្រដ៏យុទ្ធសាស្រ្តជាអន្តរជាតិ»។
ទោះបីជាយ៉ាងណាក៏ដោយ មូលដ្ឋានថ្មីនៅក្នុងប្រទេស Djibouti ធ្វើឱ្យប្រទេសឥណ្ឌាមានការព្រួយបារម្ភ ខណៈប្រទេសចិនបានកសាងសម្ព័ន្ធភាពយោធារបស់ខ្លួនជាមួយបណ្តាប្រទេសដែលនៅជុំវិញប្រទេសឥណ្ឌា ជាពិសេសបង់ក្លាដេស មីយ៉ាន់ម៉ា និងស្រីលង្កា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ យោធាចិនលោក Shen Jinlong (PLA) បាននិយាយថា ការបង្កើតមូលដ្ឋានរបស់ចិននៅ Djibouti គឺជាការសម្រេចចិត្តមួយដែលធ្វើឡើងដោយភាគីទាំងពីរបន្ទាប់ពីការចរចាមិត្តភាព។
ប្រទេសចិនមិនបានបញ្ជាក់ពីចំនួនទ័ព ឬនាវាដែលខ្លួននឹងត្រូវបញ្ជូនទៅ Djibouti ឬនៅពេលណាការធ្វើសមយុទ្ធនឹងចាប់ផ្តើមនោះទេ។ កាសែត Japan Times បានឱ្យដឹងថាកាសែត PLA Daily បានសរសេរអត្ថបទមួយប្រវែង ៤ ទំព័រស្តីពីការផ្លាស់ប្តូរ ហើយបាននិយាយថា ប្រទេសចិននឹងមិនត្រូវបានអូសទាញចូលក្នុងការវាតទីនិយមផ្នែកយោធា ឬចូលទៅក្នុងការប្រណាំងប្រជែងប្រដាប់អាវុធនោះទេ។
កាសែតនេះបានឱ្យដឹងថា «ការសន្យាទាំងនេះនឹងមិនមានការផ្លាស់ប្តូរនោះទេ ដោយ សារតែការសាងសង់មូលដ្ឋាននៅក្រៅប្រទេស»។

ប្រទេសចិនបានសន្យាថា នឹងចំណាយលុយ ៦០ ពាន់លានដុល្លារនៅក្នុងការអភិវឌ្ឍអាហ្វ្រិកនៅឆ្នាំ ២០១៥ ដោយបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតនៃទ្វីបនេះ៕

No comments:

Post a Comment