Thursday, July 13, 2017

អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំពិធីអបសាទរ​ នៃការដាក់​បញ្ចូល​ «តំបន់ប្រាសាទ​សំបូរព្រៃគុក»​ ជាសម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោក មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំពិធីអបសាទរនៃការបញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុកដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយ គណៈកម្មាការបេតិកភណ្ឌពិភពលោក (UNESCO) និងដើម្បីបង្ហាញពីមោទនាភាពជាតិ ក្នុងទិវាជាប្រវត្ដិសាស្ដ្រ នៃប្រទេសកម្ពុជា ដោយបានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍ សុខសន្ដិភាព ភាពសុខដុមរមនា និងការអភិរក្ស-អភិវឌ្ឍន៍ នៃសម្បត្ដិវប្បធម៌ជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ មានភារកិច្ចក្នុងការរៀបចំពិធីអបអរសាទរ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

លោក មាន ចាន់យ៉ាដា បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំបែងចែកភារកិច្ច ទៅតាមបណ្ដាខណ្ឌ មន្ទីរ អង្គភាព និងសមាសភាពពាក់ព័ន្ធលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ អនាម័យ និងការងារមួយចំនួនទៀត ដើម្បីឱ្យពិធីខាងលើទទួលជោគជ័យក្នុងស្មារតីមោទនភាពជាតិ និងដើម្បីអបអរសាទរព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ៕









No comments:

Post a Comment