Thursday, July 13, 2017

សាខាកាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយ​ចែកជូន​គ្រួសារដែល​រងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ ចំនួន១៧ខ្នង​ ក្នុងស្រុក​រមាសហែក​

ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីអនុសាខាស្រុក រមាសហែក នាំយកស្បៀង សម្ភារៈ ថវិការបស់សាខា ទៅសួរសុខទុក្ខ និង ចែកអំណោយ ដល់ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៦ខ្នង ត្រូវរងការខូចខាតទាំងស្រុង និង ១១ ខ្នងទៀត រងការខូចខាតមធ្យម សរុប ១៧ ខ្នង នៅឃុំ៣ ក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច ៨ ខ្នង ឃុំសំបួរ ៣ ខ្នង និងឃុំជ្រៃធំ ៦ខ្នង។
នាឱកាសនោះ លោកស្រី ពៅ សុភាព បាននាំមកនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងបានសំដែងនូវការអាណិតអាសូរដល់គ្រួសាររងគ្រោះ ដោយបានខិតខំប្រកបរបរកស៊ីចិញ្ចឹមជីវិត មានជីវភាព នឹងផ្ទះសំបែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាល ឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាក់ផ្ទះសម្បែងគួរឲ្យសោកស្តាយ ។
លោកស្រី ពៅ សុភាព បានបញ្ជាក់ថា សម្ភារៈដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង ៦ គ្រួសារ ទទួលបាន អង្ករ ៣០ គីឡូក្រាម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល២ កន្ទេលបត់១ មី១កេស ទឹកស៊ីអ៊ីវ៦ដប ត្រី ខ១០កំប៉ុង ឃីត១កញ្ចប់មាន មុង១ ភួយ ១ ក្រម៉ា១ សារុង១ ថវិកា២០០,០០០ រៀល។

ដោយឡែក គ្រួសាររងគ្រោះមធ្យមចំនួន ១១ គ្រួសារ ទទួលបាន អង្ករ ៣០ គីឡូក្រាម កន្ទេល ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ដប ត្រី ខ១០ កំប៉ុង ឃីត១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ផងដែរ៕








No comments:

Post a Comment