Thursday, July 13, 2017

រដ្ឋមន្ត្រីក្រសួងបរិស្ថាន កោតសរសើរចំពោះវិទ្យាស្ថានអភិវឌ្ឍន៍បៃតង



លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យលោកស្រី Srabani Roy ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល ប្រចាំសាធារណៈរដ្ឋកូរ៉េ ចូលជួបដើម្បីរាយការណ៍ពីលទ្ធផលការងាររបស់វិទ្យាស្ថានលើការកសាងផែនការយុទ្ធសាស្ត្រទីក្រុងបៃតងរាជធានីភ្នំពេញ ពីឆ្នាំ២០១៧-២០២៦។
លោកស្រី Srabani Roy បានរាយការណ៍ថាការរៀបចំយុទ្ធសាស្ត្ររៀបចំទីក្រុងភ្នំពេញបានចប់ជាស្ថាពរ ហើយបានប្រគល់ជូន លោកអភិបាលក្រុង ដើម្បីធ្វើការពិនិត្យ និងសម្រេច។ លោកស្រី Sranan បានគោរពថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីចំពោះការគាំទ្រលើវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលនាពេលកន្លងមក។
លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះវិទ្យាស្ថានដែលបានធ្វើការងារលើការអភិវឌ្ឍន៍បៃតងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥មក។ បន្ថែមពីនេះ លោកបានស្នើឱ្យទៅដល់វិទ្យាស្ថានឱ្យផ្តល់គោលនយោបាយពិតប្រាកដដែលអាចអនុវត្តបាន និងជាគោលនយោបាយដែលហុចផលផ្លែផ្កាមកពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតង បានកំពុងធ្វើការជាមួយក្រសួងបរិស្ថានលើការងារគម្រោងចំនួន៥ គឺកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង ជំហានទី១៖ ២០១៥-២០១៦ ដែលបានបញ្ចប់ទី២កម្មវិធីអភិវឌ្ឍទីក្រុងបៃតង ជំហានទី២៖ ២០១៧-២០១៨ដែលកំពុងដំណើរការ ទី៣. កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៧-២០១៨ ដែលកំពុងដំណើរការ ទី៤. គម្រោងថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែបដែលស្ថិតជាឯកសារគោលគំនិត ២០១៧ និងទី៥ គម្រោងប្រព្រឹត្តិកម្មសំណល់រាវ ដែលស្ថិតក្នុងការសិក្សាវិសាលភាពឆ្នាំ២០១៧៕


No comments:

Post a Comment