Thursday, July 13, 2017

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ គឺជាស្នូលនាំមុខនៃសេដ្ឋកិច្ច វប្បធម៌ជាតិ

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពាណិជ្ជកម្ម និងទេសចរណ៍ គឺជាស្នូលនាំមុខនៃសេដ្ឋកិច្ចជាតិ វប្បធម៌គឺជាអត្តសញ្ញាណ និងជាបេះដូងរបស់ប្រទេសជាតិ រីឯឧស្សាហកម្មធ្វើដំណើរ គឺជាវិស័យការទូតមួយថ្មីក្នុងយុគសម័យបច្ចុប្បន្ននេះ។

ការរីកចំរើននៃវិស័យទេសចរណ៍ទាមទារឲ្យមានគាំទ្រពីឧស្សាហកម្មធ្វើដំណើរ។ ក្នុងន័យនេះ លោកបានស្នើឲ្យការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរ និងដៃគូរពាក់ព័ន្ធនានា នៃប្រទេសចិន និងកម្ពុជា បន្តកិច្ចសហការជិតស្និទជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី ឲ្យកាន់តែច្រើនថែមទៀត។ នេះជាការលើកឡើងរបស់លោក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២១០៧ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន“Beautiful China beyond your imagination” ក្រោមកិច្ចផ្តួចផ្តើមរបស់រដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) ដោយសហការជាមួយនឹងក្រសួងទេសចរណ៍ ។
កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក ថោង ខុន លោក Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន លោក Tan Qingsheng, ភារៈធារីនៃស្ថានទូតចិនប្រចាំកម្ពុជា លោក ឈុន តារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ឆាយ សុវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ។
កម្មវិធីផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យទេសចរណ៍ អាស៊ានក៏ដូចជាកម្ពុជាបានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុត។ ឈរលើស្មារតីនេះ កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងអាស៊ាន-ចិនត្រូវបានពង្រឹង និងពង្រីកលើគ្រប់ទិដ្ឋភាព ពិសេសការកំណត់ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន (2017 ASEAN-China Year of Tourism Cooperation) ដែលត្រូវបានស្វាគមន៍ដោយប្រមុខដឹកនាំអាស៊ាន-ចិន ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមក(two-way tourist traffic) ដែលបានកើនឡើងដល់ចំនួនប្រមាណជាង ៣០ លាននាក់ កាលពីឆ្នាំ២០១៦ កន្លងមកនេះ។
នាឱកាសនោះផងដែរ លោក zhang xilong ប្រធានគណៈប្រតិភូចិនក៏បានថ្លែងកោតសរសើរចំពោះភាគីមិត្តកម្ពុជាដែលតែងតែផ្តល់នូវកិច្ចសហការគាំទ្រជាមួយភាគីចិន ជាពិសេសទំនាក់ទំនងជាប្រវត្តិនៃចំណងការទូតដ៏យូរលង់ណាស់មកហើយប្រកបដោយភាតរៈភាពដែលនៅតែបន្តរហូត និងត្រូវបានរិតចំណងកាន់តែជិតស្និតថែមទៀត។
លោក ថោង ខុន បានមានឱ្យដឹងថា កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន (២០១៦-២០២០) ពិសេសការដាក់ចេញនូវ “សៀវភៅសស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា” សំដៅត្រៀមទទួលស្វាគមន៍ទេសចរចិនយ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០%។ ក្នុង រយៈពេល ៥ខែ ដើមឆ្នាំ២០១៧កម្ពុជាទទួលបានទេសចរអន្តរជាតិ ជិត ២លាន ៣សែន នាក់កើនឡើង ១២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលក្នុងនោះ ទេសចរចិន មានចំនួន ៤៤ម៉ឺន នាក់ កើនឡើង ៣៥,៦%។ នៅឆ្នាំ២០១៧ នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនដល់យ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ៧លាននាក់។ ខែដើមឆ្នាំនេះក៏ដោយសារការកើនឡើងនូវជើងហោះហើរត្រង់ពីប្រទេសចិនតាមរយះក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ជាមួយនឹងជើងហោះហើរចំនួន១៥០ជើងក្នុងមួយសប្តាហ៍៕







No comments:

Post a Comment