Thursday, July 13, 2017

មជ្ឈមណ្ឌលកោះពេជ្រ រៀបចំពិធីប្រគល់ ទទួលជាផ្លូវការ រថយន្តក្រុង១០០គ្រឿង​ ដែលជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាលចិន​ ផ្តល់ជូន​សាលារាជធានី​ភ្នំពេញ​

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ មានរៀបចំពិធីប្រគល់ ទទួលជាផ្លូវការ រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។
លោក ម៉េត មាសភក្តី បានបន្តថា រថយន្តក្រុង ដែលជាជំនួយរបស់ចិន និងត្រូវដាក់ឲ្យដំណើរការនូវខ្សែរត់ថ្មី ដោយខាងសាលារាជធានីភ្នំពេញ បានរៀបចំសម្រាប់រថយន្តក្រុងថ្មី ដែលបន្ថែមសម្រាប់ខ្សែរថយន្តដែលយើង មានស្រាប់ចំនួន៣ខ្សែ ហើយរថយន្តដែលទទួលបានថ្មីពីប្រទេសចិន យើងអាចដាក់បន្ថែមលើរថយន្តចាស់ ដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។

លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា មិនមែនតែភាគីចិននោះទេ ដែលបានផ្តល់ជំនួយជារថយន្តក្រុងសាធារណៈមកកម្ពុជា ខាងភាគីជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងជួយឧបត្តម្ភរថយន្តក្រុងថ្មីចំនួន១៨០គ្រឿងបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា តាមដំណាក់កាលបន្តបន្ទាប់ទៀត។ រថយន្តទាំង១០០គ្រឿង ដែលមិត្តផ្តល់ជូននេះរួមមាន រថយន្ត៣៥កៅអីចំនួន៦០គ្រឿង រថយន្ត២៧កៅអីចំនួន៣៨ និងរថយន្តស្ទូចចំនួន២គ្រឿង៕





No comments:

Post a Comment