Thursday, December 08, 2016

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាតភ្ជាប់បណ្តាញតង់ស្យុងខ្ពស់រវាងក្រុមហ៊ុន មីនេបៀ ជាមួយអគ្គិសនីកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីជាមួយក្រុមហ៊ុន Minebea ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក កែវ រតនៈ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀ។
ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនមានបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតម៉ូទ័រតូចៗសម្រាប់ប្រព័ន្ធអេឡិចត្រូនិក ដែលបានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគជាង ១០០លានដុល្លារ។ ដើម្បីចូលរួមចំណែកក្នុងការពង្រីកការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់នេះឮវាក៏បានផ្តល់ការងារជូនយុវជនកម្ពុជាប្រមាណ ២ម៉ឺននាក់ផងដែរ។ អគ្គិសនីកម្ពុជា បានសិក្សារកលទ្ធភាពផ្គត់ផ្គង់ជូនក្រុមហ៊ុន ដើម្បីមានតម្លៃអគ្គិសនីទាបដែលអំណោយផលដល់ការប្រកួតប្រជែងក្នុងតំបន់។
ជាលទ្ធផលការប្រជុំច្រើនដងរវាងមួយក្រុមហ៊ុន Minebea និង អគ្គិសនីកម្ពុជា រហូតឈានដល់ចុះកិច្ចព្រមព្រៀងនាពេលនេះ ហើយគម្រោងនេះ គ្រោងភ្ជាប់ថាមពលនៅខែធ្នូ ឆ្នាំ២០១៧ (ត្រូវការពេល១ឆ្នាំដើម្បីសាងសង់) ដោយក្រុមហ៊ុន Minebea ត្រូវវិនិយោគសាងសង់អនុស្ថានីយ៍តង់ស្យុងខ្ពស់មួយកន្លែង និងអគ្គិសនីកម្ពុជា ត្រូវការពេលវេលាដើម្បីសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល ប្រហែល ២.៥គីឡូម៉ែត្រ៕



No comments:

Post a Comment